ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានអ្នកស្លាប់ដោយកូវីដ-១៩ជាង៨ពាន់នាក់

ចែករំលែក៖

ក្នុងរយៈពេល២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន 549.400 នាក់ និងស្លាប់ដល់ទៅ8.374 នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងនៅទូទាំងពិភពលោកកើនឡើងដល់ទៅ 228.362.301 នាក់ និងស្លាប់កើនឡើងដល់ទៅ 4.692.189 នាក់។ ប្រទេសតំបន់អាស៊ីនៅតែជាតំបន់ឆ្លងកូវីដ-១៩ ខ្លាំងជាងគេនៅលើពិភពលោក។
ទង់ពណ៌សដោតនៅទីលានជាតិ (National Mall)ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ីអាមេរិក នៅថ្ងៃទី ១៧ខែកញ្ញា ឆ្នាំ២០២១ មានរហូតដល់ទៅជាង៦៩០ពាន់ទង់ស ដើម្បីជាការគោរពដល់ជនរងគ្រោះស្លាប់ដោយកូវីដ-១៩ ក្នុងទឹកដីអាមេរិក។
នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ អាមេរិករកឃើញមានករណីឆ្លងកូវីដ-១៩ សរុប ១៥៧,៩២៥នាក់ និងស្លាប់១,៩៣៨នាក់ ក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់៤២,៧៩៩,៩០៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៩០,៧១៤នាក់ និងជាសះស្បើយឡើងសរុប ៣២.៤៣លាននាក់។
ករណីឆ្លងកូវីដ-១៩នៅអាមេរិកបានកើនឡើងខ្ពស់បើទោះបីបានចាក់វ៉ាក់សាំងច្រើនហើយក្តី។ អ្នកឆ្លងកូវីដ-១៩ ភាគច្រើនកើតទៅលើពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨៤លានដូស ក្នុងនោះប្រជាជន ២១១.១លាននាក់ (៦៤.៣%) បានទទួលការចាក់យ៉ាងហោចណាស់១ដូស និង ១៨០.៥៧លាននាក់ (៥៥%) បានទទួលការចាក់គ្រប់ចំនួនពីរដូស ៕

ដោយ៖ធីរីណា(រូបភាព៖Xinhua)


ចែករំលែក៖