ខេត្តតាកែវ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ អភិបាលរងខេត្ត មន្ត្រីរាជការពាក់ព័ន្ធ និងកងកម្លាំងទាំងបីប្រភេទ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ០៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដែលកំពុងតែរាតត្បាតជាសកល ។
មានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លោក អ៊ូច ភា អភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះក្មួយៗកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំដល់ក្រោម ១២ឆ្នាំ ដោយបានដាក់ចេញយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែល សម្ដេចបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារជីវិតប្រជាជននៅទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តតាកែវ ចៀសផុតពីជំងឺដ៏កាចសាហាវនេះ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់អាណាព្យាបាលរបស់កុមារដែលត្រូវចាក់វ៉ាក់សាំងទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ចាក់អត្តសញ្ញាណដើម្បីធានាអះអាង៕
ដោយ៖សហការី