ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់កំពុងដេីរតាមផ្លូវត្រូវនារីជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ រួចបុករះរថយន្ត៣គ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់បានបើកបររថយន្តស៊េរីទំនើប​ Range Rover មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកបុរសម្នាក់ដែលកំពុងដើរតាមផ្លូវបណ្ដាលឲ្យ       ស្លាប់ភ្លាមៗ​ រួចបន្តទៅបុករះរថយន្តចតនៅចិញ្ជើមផ្លូវចំនួន៣គ្រឿងបន្ថែមទៀត បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្បែរក្រសួងអភិវឌ្ឍន៍ជនបទថ្មី ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

    សពបុរសជាជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

    បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ កំពុងតែដើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះ ក៏ស្រាប់តែមានស្រ្តីវ័យក្មេងម្នាក់បើកបររថយន្តស៊េរីទំនើប ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2013 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្របទិសគ្នាជាមួយអ្នកដើរ ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នក៏បុកអ្នកដើរពីក្រោយយ៉ាងពេញទំហឹង រួចរថយន្តរេចង្កូតទៅបុករះរថយន្តចតនៅចិញ្ជើមផ្លូវចំនួន៣គ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះ រថយន្តបង្កបានថយក្រោយបម្រុងបើករត់គេចក៏កិនបុរសរងគ្រោះបន្ថែមទៀត ទើបបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងហេតុតែម្ដង។​ ភ្លាមៗនោះនគរបាលចរាចរណ៍នៅប្រចាំការគោលដៅក្បែរទីតាំងកើតហេតុបានឃាត់ខ្លួនស្រ្តីជនជាតិចិនអ្នកបើកបរនោះប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងត្របែកដើម្បីសួរនាំ។

    ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទៅស្នងការដ្ឋាន ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកឯ សពត្រូវនគរបាលប្រគល់ឱ្យរថយន្តសាម៊ុយដឹកទៅតម្កល់ទុកសិនរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖