ព័ត៌មានទាន់ហេតុការណ៍៖

សួស វីហ្សា និង ស្វាមី បំបែកកំណត់ត្រាមានអ្នកចូលទស្សនាលើការLive ជាង១០ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ អាចចាត់ទុកថាជាករណីដំបូងដែលសិល្បករនៅកម្ពុជា គឺ សួស វីហ្សា និងលោក ថមមី ដែលអាចធ្វើការLive វីដេអូមានអ្នកចូលទស្សនាច្រើនជាង១០ម៉ឺននាក់។ អាចទាក់ទាញអ្នកចូលទស្សនាបានច្រើនដ៏គួរឲ្យភ្ញាក់ផ្អើល និងសរសើរព្រោះតែមិនបានលើកប្រធានបទជេរ ដៀមដាម ហែកកេរ្តិ៍គ្នាឡើយ។ 

    គេសង្កេតឃើញថាប៉ុន្មាថ្ងៃចុងក្រោយនេះគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាខាងលើតែងតែធ្វើការLive វីដេអូក្នុងការលក់ផលិតផលកាបូបនៅលើបណ្តាញសង្គមដោយទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ចាប់អារម្មណ៍ក៏ព្រោះតែប្រធានបទក្នុងការលក់ សួស វីហ្សា បានឲ្យស្វាមី លោកថមមី តុបតែងខ្លួនស្លៀកពាក់ និងពាក់សក់ជាមនុស្សស្រី  ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ និងផ្ទុះសំណើចជាខ្លាំង។ ទស្សនិកជនជាច្រើនបានកោតសរសើរទៅកាន់គូស្នេហ៍អ្នកសិល្បៈខាងលើដែលបានស្វែងរកវិធីថ្មីប្លែកក្នុងការទាក់ទាញអ្នកចូលទស្សនា ជាជាងការលើកយកប្រធានបទឈ្លោះគ្នា ហែកហួរគ្នាមកទាក់ទាញការចាប់អារម្មណ៍ឲ្យលើការលក់ផលិតផលរបស់ខ្លួន ហើយគំនិតនេះបានបង្កើតឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះសំណើចនឹងសកម្មភាពគូស្មេហ៍នេះផងដែរ ពិសេសការសរសើរទៅលើលោក ថមមី ដែលសុខចិត្តលះបង់ក្នុងការតុបតែងខ្លួនជាមនុស្សស្រីជាមួយនឹងសកម្មភាពកាយវិការបែបមនុស្សភេទទី៣ដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ។ រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១នេះ ការLive វីដេអូដូចរាល់ដងនោះបានផ្ទុះការចាប់អារម្មណ៍និងគាំទ្រខ្លាំងដែលមានអ្នកចូលទស្សនាប្រមាណ១២ម៉ឺននាក់ឯណោះ ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន និងអាចបំបែកកំណត់ត្រាអ្នកចូលទស្សនាច្រើនបំផុតមួយ ហើយក្រោយបិទការLive មិនបាន២៤ម៉ោងផងអ្នកចូលទស្សនាសរុបមានប្រមាណជាង២លានដងរួចមកហើយដែរ។

  សួស វីហ្សាថាពិតជារំភើបចិត្តណាស់គ្មានពាក្យអ្វីនឹងមកថ្លែងទេ គឺនាងនិងស្វាមីពិតជាអរគុណសម្រាប់ការស្រលាញ់ចូលចិត្តគាំទ្រចំពោះនាងនិងស្វាមី ។  

  គួរបញ្ជាក់ដែរថា ក្រោយពីស្វែងយល់ចិត្តគ្នាជាច្រើន ឆ្នាំ សួស វីហ្សា និងលោក ថមមីបានចូលរោងការជាផ្លូវការនឹងអធឹកអធមជាមួយគ្នាកាលពីអំឡុងចុងឆ្នាំ ២០១៩ ហើយពេលនេះពួកគេទទួលបានតំណក់ឈាមរួមគ្នានូវកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់ផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖