ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យគន្ធបុប្ផាខេត្តសៀមរាប ជួយសម្រាលកូនជូនស្ត្រីមានជំងឺកូវីដ-១៩ ចំនួន ៧នាក់ក្នុងសប្តាហ៍នេះ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅក្នុងសប្តាហ៍នៃពាក់កណ្តាលខែកញ្ញានេះ ក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬហៅថាមន្ទីរពេទ្យគន្ធបុប្ផាទី៣ ក្នុងខេត្តសៀមរាប បានរួមគ្នាជួយសម្រាលកូនជូនស្ត្រីមានផ្ទុកមេរោគកូវីដ-១៩ ចំនួន ៧នាក់ បានដោយជោគជ័យដោយក្នុងនោះស្ត្រីខ្លះមានកូនភ្លោះ ហើយស្ត្រីខ្លះមានភាពមិនប្រក្រតីក្នុងការសម្រាលទៀតផង។

ប្រភពពីមន្រ្តីមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ក្រុមគ្រូពេទ្យខាងលើ បានជួយសម្រាលស្ត្រីទាំង៧នាក់ ខ្លះសម្រាលដោយធម្មជាតិ និងខ្លះទៀតដោយការវះកាត់ រហូតទទួលបានជោគជ័យ និងបង្កើតបានទារក ទារិកាចំនួន ៨នាក់។

នៅយប់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះស្ត្រីគ្រប់ខែដែលមានវិជ្ជមានកូវីត១៩ ចំនួន ២នាក់ ដោយសម្រាលតាមរយៈការវះកាត់។ ស្ត្រីទី១ មានអាយុ ៣២ ឆ្នាំ កូនខ្សោយ សម្រាលបានកូនស្រីទម្ងន់ ២.៧គីឡូក្រាម។ ស្ត្រីទី២ មានអាយុ ៣៨ឆ្នាំ កូនខ្សោយ សម្រាលបានកូនប្រុសទម្ងន់ ៣.១គីឡូក្រាម។

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួយសង្គ្រោះស្ត្រីគ្រប់ខែមានវិជ្ជមានកូវីដ១៩ ចំនួន ២នាក់ តាមរយៈការវះកាត់។ ក្នុងនោះស្ត្រីទី១ មានអាយុ ២៧ឆ្នាំ កូនខ្សោយ មាត់ស្បូនលែងបើក សម្រាលបានកូនប្រុសទម្ងន់ ៣.៨គីឡូក្រាម និងទី២ ស្ត្រីមានអាយុ ២១ឆ្នាំ កូនខ្សោយ មាត់ស្បូនអត់បើក សម្រាលបានកូនស្រីទម្ងន់ ៣គីឡូក្រាម។

លុះនៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះស្ត្រីគ្រប់ខែមានវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ទៀត តាមរយៈការវះកាត់ផងដែរ។ ក្នុងនោះស្ត្រីទី១ មានអាយុ ២៩ឆ្នាំ មានជំងឺក្រឡាភ្លើង កូនកើតបញ្ច្រាស់ សម្រាលបានកូនប្រុសទម្ងន់ ៣.៧គីឡូក្រាម ហើយស្ត្រីទី២ មានអាយុ ៣៤ឆ្នាំ កូនខ្សោយ មាត់ស្បូនអត់បើក សម្រាលបានកូនប្រុសទម្ងន់ ៣.១គីឡូក្រាម។

ដោយឡែកមួយករណីទៀតនៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ជួយសម្រាបលស្ត្រីមានផ្ទៃពោះគ្រប់ខែមានវិជ្ជមានម្នាក់ទៀត។ ស្ត្រីរូបនេះ មានកូនភ្លោះ ហើយសម្រាលតាមធម្មជាតិ។ ស្រ្តីរូបនេះ មានអាយុ ៣៥ឆ្នាំ សំរាលបានកូនប្រុសទី១ ទម្ងន់ ២.៨គីឡូក្រាម និងកូនប្រុសទី២ ទម្ងន់ ៣.១គីឡូក្រាម។

ការប្រឹងប្រែងសម្រាលកូនជូនស្ត្រីៗមានផ្ទុកមេរោគកូវីដ១៩ទាំងនេះ បាននាំឱ្យមានការសាទរ និងកោតសរសើរដល់ការប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យពីសំណាក់សាធារណជនផងដែរ។

ចំពោះការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺមិនមានគិតថ្លៃនោះឡើយសម្រាប់មនុស្សគ្រប់គ្នា និងគ្មានការរើសអើងនោះដែរ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖