ប្រទេសជាច្រើនជុំវិញពិភពលោកមិនមានវ៉ាក់សាំងចាក់ជូនពលរដ្ឋនោះឡើយ ពិសេសគឺប្រទេសនៅតំបន់អាហ្វ្រិក ។ ប៉ុន្តែប្រទេសអ្នកមាននៅលោកខាងលិចមានវ៉ាក់សាំងសល់ ហើយនឹងត្រូវបោះចោលរាប់រយលានដូស។ អតីតនាយករដ្ឋមន្ត្រីGordon Brown បានព្រមានថា នឹងមានវ៉ាក់សាំងរហូតដល់ទៅជាង១០០លានដូសបានផុតកំណត់ប្រើប្រាស់នឹងត្រូវយកទៅបោះចោល ខណៈប្រទេសក្រីក្រមិនមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ។ អតីតនាយករដ្ឋមន្ត្រីGordon Brown បានឱ្យដឹងថា «វាពិតជាគ្មានមនសិការ ពេលមានវ៉ាក់សាំងរហូតដល់ទៅជាង ១០០លានដូសនឹងត្រូវយកចេញពីឃ្លាំងរបស់ប្រទេសអ្នកមានទៅបោះចោលដោយផុតកំណត់។ នោះពិតជារឿងខ្ជះខ្ជាយ និងអាត្មានិយមរបស់ប្រទេសអ្នកមាន»។ ការប្រកាសខាងលើរបស់អតីតនាយករដ្ឋមន្ត្រី Gordon Brownមុនពេលកិច្ចប្រជុំស្តីពីកូវីដ-១៩ ដែលដឹកនាំដោយអាមេរិក នាថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២១ ដោយ កិច្ចប្រជុំធ្វើឡើងតាមអនឡាញ ។ ជាមួយគ្នានេះដែរ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានផ្ញើរបាយការណ៍ស្រាវជ្រាវ របស់ក្រុមហ៊ុន Airfinity ទៅកាន់ប្រធានាធិបតីបៃឌិន និងមេដឹកនាំ G7 ។ តាមលទ្ធផលស្រាវជ្រាវ មានវ៉ាក់សាំងចំនួន ១០០លានដូសកំពុងរក្សានៅក្នុងឃ្លាំងបណ្តាប្រទេសអ្នកមាននឹងត្រូវយកទៅបោះចោលដោយផុតកំណត់ប្រើប្រាស់៕(ដោយ៖ធីរីណា)
ប្រភពរូបថត៖Reuters