វាជាចេតនាទុច្ចរិតយ៉ាងច្បាស់ក្រឡែតដែលសមរង្ស៊ីអតីតមេដឹកនាំគណបក្សប្រឆាំងហៅយុទ្ធនាការរបស់រាជរដ្ឋាភិបាលចាក់វ៉ាក់សាំងជូនកុមារា-កុមារីកម្ពុជាជាចេតនាសម្លាប់ពលរដ្ឋខ្មែរតាមរយៈការសាកវ៉ាក់សាំងរបស់ប្រទេសចិន។ រហូតមកដល់ពេលនេះនៅកម្ពុជាក៏ដូចជានៅលើពិភពលោកមិនមានសញ្ញាថមថយនៅឡើយទេអំពីបញ្ហាជំងឺកូវីដ-១៩។ វិធានការសំខាន់មួយក្នុងការកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ គឺការចាក់វ៉ាក់សាំងបានច្រើនលើសលប់តាមដែលអាចធ្វើទៅបានចំពោះប្រជាជនទាំងអស់។ ជាមួយនោះវិធានការសុខាភិបាលជាច្រើនក៏ត្រូវប្រកាន់យកដើម្បីរួមចំណែកកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩។ នៅលើពិភពលោកគេសាទរចំពោះប្រទេសណាដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានច្រើនជាងគេ។ នៅលើពិភពលោកមានតែសមរង្ស៊ីម្នាក់ប៉ុណ្ណោះដែលទំនាស់ឬប្រឆាំងចំពោះការចាក់វ៉ាក់សាំងដើម្បីរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ។
នៅកម្ពុជាគិតមកដល់ពេលនេះមានប្រជាជនសរុបជាង១២លាននាក់ហើយដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បណ្ដាប្រទេសជាមិត្តក៏ដូចជាអង្គការសុខភាពពិភពលោកបានកោតសរសើរចំពោះកម្ពុជាដែលបាននាំមុខគេក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនទាំងមនុស្សចាស់និងកុមារបានច្រើនជាងគេ។ ការគិតគូរគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដើរលឿនមួយជំហានចំពោះវិធានការនេះក្នុងការទប់ស្កាត់ទាន់ពេលវេលាក្នុងការរីករាលដាលជំងឺកូវីដ-១៩។មនុស្សពេញវ័យនៅកម្ពុជាប្រមាណ៩៨,២៧ភាគរយហើយដែលបានចាក់វ៉ាក់សាំងរួចរាល់នៅដូសទី២និងកុមារអាយុពី១២ឆ្នាំដល់១៨ឆ្នាំបានចាក់វ៉ាក់សាំងរួច៨០ភាគរយហើយដែរ។ ឥឡូវនេះទៀតគឺការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលបានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនកុមារា_កុមារីដែលមានអាយុពី៦ឆ្នាំដល់១២ឆ្នាំនោះទៀត។ វិធានការនេះទទួលបានការសាទរពីអាណា ព្យាបាលក៏ដូចជាសិស្សានុសិស្សទាំងអស់ពីព្រោះពួកគេរំពឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងរួចពួកគេបានចូលរៀនជាធម្មតាឡើងវិញ។
ប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាមានអំណរសាទររីករាយជាខ្លាំងចំពោះផែនការយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ ក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កម្ពុជាអាចនិយាយបានថាឈរលំដាប់លេខ២ក្នុងការចាក់ស្រោចវ៉ាក់សាំងទៅលើប្រជាពលរដ្ឋទាន់ពេលវេលាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ វិធានការជាបន្តបន្ទាប់គឺការចាក់វ៉ាក់សាំងជូនកុមារា-កុមារីនិងយុវវ័យទាំងអស់ដើម្បីជាឱកាសសម្រាប់ឲ្យពួកគេបានចូលបន្តការសិក្សានៅក្នុងថ្នាក់រៀនជាប្រក្រតីជាមួយនឹងការអនុវត្តវិធានការសុខា ភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ វាជាមោទនភាពប្រកប ដោយភាពរីករាយដែលកម្ពុជាបានចាក់វ៉ាក់សាំងជូនកុមារា-កុមារីដើម្បីផ្ដល់ឱកាសឲ្យពួកគេបានត្រឡប់ទៅអង្គុយក្នុងថ្នាក់រៀនឡើងវិញ។ មិនតែប៉ុណ្ណោះប្រក្រតីភាពជាច្រើនទៀតនឹងត្រូវកើតឡើងដំណើរគ្នាទាំងវិស័យសេវានិងទេសចរណ៍ជាដើម…នៅពេលដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់បានទទួលវ៉ាក់សាំងគ្រប់គ្នាហើយនោះ។
មហិច្ឆតារបស់ប្រមុខរាជរដ្ឋាភិបាលមិនត្រឹមតែចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋត្រឹមដូសទីពីរប៉ុណ្ណោះនោះទេគឺនឹងត្រូវចាក់ដល់ដូសទី៣ថែមទៀតផង ។ និយាយពីបញ្ហាវ៉ាក់សាំងវិញគឺមហាមិត្តចិនបានបន្តជួយឧបត្ថម្ភក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងប្រទេសនេះមិនឲ្យខ្វះខាតនោះឡើយ។ បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា វ៉ាក់សាំងដែលបញ្ជាទិញពីប្រទេសចិននិងជំនួយឧបត្ថម្ភពីរដ្ឋាភិបាលចិននឹងមកដល់ជាបន្តបន្ទាប់យ៉ាងហោច ណាស់៩លានដូសទៀត។ ដូច្នេះបញ្ហាវ៉ាក់សាំងមិនអាចនិយាយថា ខ្វះខាតនោះឡើយគឺយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាម្នាក់ៗបីដូសយ៉ាងពិតប្រាកដ។ ទាំងដំណើរការចាក់វ៉ាក់សាំងនិងផែនការទិញវ៉ាក់សាំងគឺជារបៀបរបបដឹកនាំប្រកបដោយការឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលឈានមុខគេនៅក្នុងបណ្ដាប្រទេសអាស៊ានដើម្បីធានាបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
បើទោះបីជាប្រមុខរាជរដ្ឋាភិបាលបានគិតគូរគ្រប់ជ្រុងជ្រោយក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏ភាពចាំបាច់មួយមិនអាចខ្វះបាននោះគឺការ ចូលរួមពីប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាននិងគ្រប់ៗគ្នាដើម្បីកាត់ផ្ដាច់ប្រភពចម្លងពីមួយទៅមួយ។ ការចូលរួមទាំងអស់គ្នាទាំងប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន គ្រប់ក្រុមគ្រួសារក៏ដូចជាការចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល៣កុំ ៣ការពារនោះគេរំពឹងថាខ្សែចម្លងជំងឺកូវីដ-១៩នឹងត្រូវបានកាត់ផ្តាច់ជាបណ្ដើរៗ។ នៅក្នុងចំណោមវិធានការទាំងនោះការចាក់វ៉ាក់សាំងគ្រប់ចំនួនដូសជូនប្រជាពលរដ្ឋគឺជាជោគជ័យមួយដែលបណ្ដាប្រទេសនានានៅពិភពលោកទទួលស្គាល់និងប្រកាន់យក។ វិធានការសុខាភិបាលនិងការចូលរួមរបស់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចនោះគឺជាជោគជ័យមួយសម្រាប់យើងទាំងអស់គ្នាក្នុងការកាត់ផ្ដាច់ចំណងឬសគល់ជំងឺកូវីដ-១៩។ នៅគ្រាដែលប្រជាពលរដ្ឋកម្ពុជាសាទរវិធានការរបស់ប្រមុខរាជ រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់ប្រជាជនកម្ពុជាជាពិសេសដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់ ១២ឆ្នាំថែមទៀតនោះគឺមានតែសមរង្ស៊ីម្នាក់ប៉ុណ្ណោះដែលប្រឆាំងចំពោះផែនការមួយនេះ។ និយាយឲ្យខ្លីស្រួលស្ដាប់គឺសមរង្ស៊ីមិនចង់ឲ្យពលរដ្ឋខ្មែរបានរស់រានមានជីវិតឬបានបន្តការសិក្សាក្រេបយកចំណេះដឹងនៅក្នុងថ្នាក់រៀននោះឡើយ។ ម្យ៉ាងទៀតបើគិតបែបខ្លីទៅវិញនោះគឺវាជាសម្រែកដែលបានត្រឹមតែស្រែកឱ្យគេថា ប្រឆាំងៗតែប៉ុណ្ណោះ គាត់គ្មានបានគិតអំពីសុខមាលភាពនិងសេចក្តីសុខពិតប្រាកដរបស់ប្រជាពលរដ្ឋកម្ពុជានោះឡើយ។ នេះហើយជាចេតនានិងបំណងប្រាថ្នាពិតរបស់សមរង្ស៊ីចំពោះប្រជាពលរដ្ឋកម្ពុជា។ និយាយរួមសមរង្ស៊ីគ្មានចេតនាចង់ឲ្យប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងដើម្បីការពារអាយុជីវិតនោះឡើយ៕
ដោយ៖ហេង សូរិយា