ព័ត៌មានទាន់ហេតុការណ៍៖

បើកអេស្ការវ៉ាទ័រឈូសព្រៃចម្ការ ជាន់មីនតោនផ្ទុះរបួសស្រាលមនុស្សម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសស្រាលក្នុងករណីផ្ទុះមីនតោន ខណៈកំពុងបើកអេស្ការវ៉ាទ័រមួយគ្រឿងឈូសព្រៃចម្ការ ហើយកង់ច្រវាក់គ្រឿងចក្រជាន់លើមីនកប់ក្នុងដីយូរឆ្នាំមកហើយ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចចម្ការមួយ ស្ថិតក្នុងភូមិអំពឹប ឃុំមានជ័យ ស្រុកសំឡូត។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុមានគ្រឿងចក្រអេស្ការវ៉ាទ័រមួយគ្រឿងបានបើកចូលទៅរុញព្រៃ ត្រង់ចំណុចចម្ការខាងលើបណ្តាលឲ្យជាន់មីនតោន១គ្រាប់ដែលគេសង្ស័យថាបន្សល់ទុកពីក្នុងសម័យសង្រ្គាម បណ្តាលឲ្យផ្ទុះរបួសស្រាលអ្នកបើកបរម្នាក់។ ជនរងគ្រោះឈ្មោះ ណយ ប៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តក្រចេះ។ ចំណែកអេស្ការវ៉ាទ័រវិញ រងការខូចខាតបន្តិចបន្តួចត្រង់ផ្នែកកញ្ចក់ខាងមុខ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅចំណុចផ្ទុះមីនតោននេះ ជាអតីតសមរភូមិប្រយុទ្ធគ្នារវាងក្រុមខ្មែរក្រហមនិងរាជរដ្ឋាភិបាលហើយរហូតមកដល់ពេលនេះមិនទាន់មានការបោសសម្អាតរំដោះយកយុទ្ធភ័ណ្ឌពីក្នុងដីអស់នៅឡើយទេ។ ក្រោយកើតហេតុភ្លាមនៅពេលនេះមន្រ្តីជំនាញនៃអង្គភាពស៊ីម៉ាកCMAC បាននិងកំពុងពិនិត្យហ៊ុំព័ទ្ធចំណុចនោះទុកមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ដើម្បីរាវរកគ្រាប់មិនទាន់ផ្ទុះមួយចំនួនទៀត៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖