ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងតារាងបាល់បង្កប់ល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងតារាងបាល់មួយកន្លែងក្នុងមូលដ្ឋានខណ្ឌទួលគោកដែលបង្កប់ល្បែងសុីសងខុសច្បាប់ បង្កឲ្យមានសំឡេងខ្លាំងៗធ្វេីឱ្យប៉ះពាល់ដល់អ្នកជិតខាងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្រ្កាបហើយឃាត់មនុស្ស២នាក់ភ្លាមៗ។

ប្រតិបត្តិការចុះបង្រ្កាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក​ ពុំ​ ទូច​ នាយផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក​ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី២០​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ ដឹកនាំដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានចុះឃាត់ខ្លួនមនុស្សស្រីចំនួន២នាក់​ យកមកសាកសួរ​នៅអធិការដ្ឋាននគរបាលខណ្ឌ​ដេីម្បីបន្តនីតិវិធី បន្ទាប់ពី​មានប្រជាពលរដ្ឋរាយការណ៍ថាទីតាំងមួយនេះរំខានពួកគាត់ខ្លាំងណាស់ដោយមានលាន់ឮសំឡេងខ្លាំងៗធ្វេីឱ្យពិបាកក្នុងការរស់នៅ។

ជុំវិញបញ្ហានេះដែរ​ លោកវរសេនីយ៍ឯក​​ សុខ​ ហេង​ អធិការនគរបាលខណ្ឌទួលគោក​ ក៏បានឱ្យដឹងដែរថា​ ចំពោះ​ការឃាត់ខ្លួនមនុស្ស២នាក់​ដែល​ជាប់ពាក់ព័ន្ធ​នឹងករណី​ឆ្នោត​ឡូតូ​នេះ​ ចាំមេីលគោលការណ៍របស់លោក សឿ ឡងឌី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ​ អនុវត្ត​វិធានការ​យ៉ាង​ម៉េច​បន្តទៀត​។

បច្ចប្បន្នជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរបន្ត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖