ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំអង្គការសហប្រជាជាតិ ប្រធានាធិបតីកូរ៉េខាងត្បូងស្នើបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានស្នើដល់កូរ៉េខាងជើង អាមេរិក ចិន រួមទាំងកូរ៉េខាងត្បូងផងចេញសេចក្តីប្រកាសថា សង្គ្រាមឧបទ្វីបកូរ៉េបានបញ្ចប់។

នៅក្នុងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅថ្ងៃទី២១ ខែកញ្ញា ប្រធានាធិបតី មូន ជេអុីន បានបន្តស្នើឲ្យប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េនៅឆ្នាំ ១៩៥០-១៩៥៣។ សង្គ្រាមនោះមិនទាន់បញ្ចប់នៅឡើយទេ ដោយគ្រាន់តែបញ្ចប់តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ។
ប្រធានាធិបតី មូន ជេអុីនបានគូសបញ្ជាក់នៅក្នុងសុន្ទរកថានៅអង្គការសហប្រជាជាតិថា «ជាថ្មីម្តងទៀតខ្ញុំសូមអំពាវនាវដល់ សហគមន៍អន្តរជាតិប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ»។

លោក មូន បញ្ជាក់ទៀតថា ខ្ញុំសូមស្នើដល់ភាគីទាំងបី គឺកូរ៉េខាងត្បូង កូរ៉េខាងជើង អាមេរិក ឬចតុភាគី រួមទាំងចិន ចេញសេចក្តីប្រកាសបញ្ចប់សង្គ្រាមឧបទ្វីប។
កូរ៉េខាងត្បូង បានខិតខំស្វែងរកវិធីសាស្ត្រដើម្បីបញ្ចប់សង្គ្រាមឧបទ្វីប ដើម្បីជំនួសកិច្ចព្រមព្រៀងឈប់បាញ់ទៅជាសន្ធិសញ្ញាសន្តិភាពពេញលេញ ដើម្បីជួយដល់ពលរដ្ឋប្រទេសទាំងពីរអាចរស់នៅដោយស្ងប់សុខក្នុងសន្តិភាព អធិបតេយ្យភាព ។
ប្រធានាធិបតី មូន ជេអុីនបានព្យាយាមសហការជាមួយកូរ៉េខាងជើងតាំងពីលោកឡើងកាន់អំណាចដឹកនាំប្រទេស។

តាមទស្សនៈរបស់ប្រធានាធិបតី មូន ជេអុីន គឺមានតែសន្តិភាពទេទើបអាចជំរុញឲ្យកូរ៉េខាងជើងបញ្ចប់កម្មវិធីបរមាណូបាន។
កន្លងមកកូរ៉េខាងជើងក៏ធ្លាប់បានប្រកាសថា ដោយសារតែមិនទាន់មានសន្តិភាព ហើយឧបទ្វីបកូរ៉េស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ទើបកូរ៉េខាងជើងត្រូវបង្កើនការផលិតអាវុធដើម្បីការពារខ្លួន ដោយសង្គ្រាមអាចផ្ទុះឡើងជាថ្មីគ្រប់ពេល៕

ដោយ៖ ធីរីណា(រូបភាព៖Reuters +TTXVN.VNA)


ចែករំលែក៖