ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ សូមសរសើរ ឧត្តមគតិ លោក មៀច សីហា (Mech Seyha) ដែលបាននិយាយនូវការពិតសម្រាប់ជាចំណេះដឹងដល់សង្គម !

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានសរសេរលើ facebook ផ្លូវការលោកយ៉ាងដូច្នេះថា, 

ខ្ញុំសូមសរសើរ ឧត្តមគតិ លោក មៀច សីហា (Mech Seyha) ដែលបាននិយាយនូវការពិតសម្រាប់ជាចំណេះដឹងដល់សង្គម ជាពិសេសរួមចំណែកជួយអប់រំបងប្អូនប្រជាជនទន់ខ្សោយ កុំឱ្យធ្លាក់ខ្លួន បន្តចាញ់បោក ពួកជនសម្តែង រហូតត្រូវបង់ប្រាក់កាស និងកើតមានបំណុលវ័ណ្ឌករ។ ក្នុងនាមជាមន្ត្រីរាជការ ជាអ្នកបម្រើប្រជាជន ខ្ញុំតែងឆ្លៀតពេលយកចិត្តទុកដាក់ និងតាមដានជាប្រចាំ អំពីបញ្ហាតុល្យភាពនៃលំហូរហិរញ្ញវត្ថុ (លុយ) នៅមូលដ្ឋាន។ យើងនៅចាំបានថា គ្រាន់តែរឿងបំណុលធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវមានវិធានការបន្ទាន់ បកស្រាយបំភ្លឺជូនប្រជាជនយើង ពីបំណុលដែលខ្លួនជំពាក់ ព្រមទាំងប្តូរលក្ខណៈប្រតិបត្តិការនិងផ្លាកសញ្ញានៃធនាគារមួយចំនួន ដើម្បីលុបបំបាត់ការយល់ច្រឡំរបស់ប្រជាជន។ បញ្ហាឥឡូវនេះ គឺការចងការប្រាក់ក្រៅប្រព័ន្ធ កំពុងកើតមាន ហើយមានអត្រាខ្ពស់រហូតដល់ទៅ៣០% ឬ៤០% ដែលអត្រាការប្រាក់ធម្មតាត្រឹម១% គឺខ្ពស់រួចទៅហើយ។ យើងមិនអាចមើលស្រាលចំពោះបញ្ហានេះឡើយ។ ខ្ញុំយល់ស្របចំណុចលោក មៀច សីហា លើកឡើងជាច្រើនទៀត ហើយពិតជាមានតម្លៃ។ សេដ្ឋកិច្ចពពុះសាប៊ូ បំណុលនៅមូលដ្ឋាន ដោយសារតែប្រជាជនខ្វះការយល់ដឹងពីការចាត់ចែងហិរញ្ញវត្ថុ តាមមិនទាន់របៀបបោកបញ្ឆោតកាន់តែទំនើប សូម្បីតែក្នុងការលក់ផលិតផលសុខភាព និងគ្រឿងសំអាង គឺមានចំណុចគ្រោះថ្នាក់គួរឱ្យបារម្ភជាច្រើន ជាពិសេសនៅក្នុងបញ្ហាលំហូរហិរញ្ញវត្ថុ របស់តំណាងសាខានិងតំណាងចែកចាយលក់បន្ត ដែលច្រឡំខ្លួនឯងថាជាអ្នកលក់ ប៉ុន្តែការពិត ខ្លួនគឺជាអតិថិជនដែរសោះ។ តើនរណា ដែលមានលុយ៤០$ ៥០$ ១០០$ ២០០$ ទិញផលិតផលសំអាង និងអាហារបំប៉ន? គឺអ្នកលក់បន្តហ្នឹងហើយ ដែលខ្ចីលុយពីធនាគារ ឬយកពីបងប្អូន ឬខ្ចីគេឯង យកមកទិញរបស់ទាំងនេះស្តុក តាំងលំអរ។ មុខរបរខ្លះ ពិតជាមានលក្ខណៈជំរុញ ឱ្យងាយធ្លាក់ក្នុងបំណុលវ័ណ្ឌករ។ សាកគិតមើល បើគេរកតំណាងចែកចាយបាន ១ពាន់នាក់ ហើយគេឱ្យតំណាងទាំងនោះ ចាយលុយត្រឹម៣ពាន់ដុល្លារ គឺគេអាចប្រមូលលុយបាន ៣លានដុល្លារភ្លាមមួយរំពេច។ នេះជារបៀបរកស៊ីថ្មី នៅកម្ពុជា ដែលមើលមួយភ្លែតជាមុខរបរ ប៉ុន្តែបើមើលឱ្យយូរ ក្រដល់បងប្អូន ហើយជំពាក់បំណុលជុំទិស។ លើពិភពលោក មានអ្នកដែលមានសមត្ថភាពបោកប្រាស់យកប្រាក់បានរាប់ពាន់លានដុល្លារ។ ការបកស្រាយបន្ថែមនេះ ខ្ញុំមិនមានបំណងសម្លាប់មុខរបរណាទេ។ នៅស្រទាប់ក្រោម ស្រទាប់កណ្តាល ស្រទាប់លើ មានគឺរឿងជាច្រើនដែលចាំបាច់សិក្សាបន្ថែម ដើម្បីទប់ស្កាត់ និងមានដំណោះស្រាយ៕

ដោយ ៖ សិលា


ចែករំលែក៖