ភ្នំពេញ ៖ លោក ស សុខា ក្នុងនាមអនុប្រធាន ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក. ) នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំត្រីមាស របស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ តាមប្រព័ន្ធ Zoom ។
លោក ស សុខា បានថ្លែងថា ក្នុងនាមលោក ហ៊ុន ម៉ានី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី នាងកញ្ញា ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តទាំង៣ ព្រមទាំងក្រុមការងារចុះជួយស្រុក ក្រុងទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើសកម្មភាពដើម្បីយុវជន និងប្រជាពលរដ្ឋ នាពេលកន្លមក។
ក្នុងនោះដែរ លោក ស សុខា ក៏ស្នើសុំថ្នាក់ដឹកនាំ និងសមាជិក សមាជិក ស.ស.យ.ក. ទាំង ៣ខេត្ត ព្រមទាំងក្រុមការងារចុះជួយ ស្រុក ក្រុង បន្តចូលរួមអនុវត្តកិច្ចការមួយចំនួន ដូចខាងក្រោម ៖
១. បន្តចូលរួមផ្សព្វផ្សាយសារអប់រំស្តីពីវិធានការសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាកម្ពុជាយើង បាននិងកំពុងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក៏ដោយ ជាពិសេសក្នុងរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌ សូមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យមានការជួបជុំ ឬទៅវត្តអារាម ។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានចេញសេចក្តីប្រកាសហើយដែរពីការផ្អាកការរៀបចំពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។
២. បន្តចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំ និងជួយសម្របសម្រួលបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុក ហើយត្រូវធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានា ។
៣. បន្តចូលរួមជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ។
៤. បន្តចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ ទឹកបរិសុទ្ធ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងសម្ភារៈការពារកូវីដ-១៩ ជាពិសេសទៅលើប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩ ដែលមានជីវភាពក្រីក្រ ។
៥. បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសម្អាតបរិស្ថានតាមផ្ទះរបស់ខ្លួន កុំឱ្យមានដូចជា ៖ សំបកដប សំបកកំប៉ុង សំបកដូង កង់ឡាន ដែលអាចដក់ទឹកបាន ព្រោះរដូវនេះជារដូវភ្លៀង អីចឹងវាងាយស្រួលឱ្យពពួកមូសខ្លា អាចបង្កកំណើតបានកាន់តែច្រើន កាន់តែមានហានិភ័យដល់កុមារកើតជំងឺគ្រុនឈាម ។
៦. បន្តរៀបចំបើកវគ្គសិក្សាជំនាញខ្លីៗ ពិសេសជំនាញបច្ចេកវិទ្យា ពីចម្ងាយ តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់យុវជន ។
៧. បន្តផ្សព្វផ្សាយកុំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសថៃ ព្រោះថាប្រទេសថៃ បច្ចុប្បន្ននេះកំពុងតែប្រឈមនឹងជំងឺកូវីដ-១៩ ខ្លាំង ។
៨. បន្តជួយសម្របសម្រួលទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសគ្រោះមហន្តរាយធម្មជាតិ ដូចជា ៖ ខ្យល់ព្យុះ ខ្យល់កន្រា្តក់ ទឹកជំនន់ ភ្លើងឆេះផ្ទះ ។ល។ និង ។ល។
៩. បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បង្កើនការដាំដុះបន្លែ ដំណាំហូបផ្លែ និងផលិតផលកសិកម្មនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ “បង្កើននូវការដាំដុះផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលផលិតផលដែលមានសារជាតិគីមីពីបរទេស”៕
ដោយ៖ជ្រោយពេជ្រ