ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង​ បន្តបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ទៀតចូលក្នុងសមុទ្រ​ខាងកើត,​ ខណៈប្រេសិតកូរ៉េខាងជើងប្រចាំ (UN) លើកឡើងថា ខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ

ចែករំលែក៖

អន្តរជាតិ​៖​ កូរ៉េខាងជើង​ បន្តសាកល្បងអាវុធជាលើកទី៣​ នៅថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ​២០២១នេះ​ បន្ទាប់ពី​បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីមួយគ្រាប់ទៀតចូលក្នុងសមុទ្រ​ខាងកើត ក្នុងខែកញ្ញានេះ។ ហេីយចំពោះការបាញ់សាកល្បងថ្មីនេះ ត្រូវ​បានប្រេសិតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងក្នុងមហាសន្និបាតថា៖ ខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ។

ជាក់ស្ដែង​បើតាមការបញ្ជាក់ពីយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា​ មីស៊ីលបាលីស្ទិកចម្ងាយខ្លី ត្រូវបានបាញ់ចេញខេត្ត Jagang នៅម៉ោងប្រហែល៦ព្រឹកសំដៅសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូង បញ្ជាក់ថា ខ្លួន និងយោធាអាម៉េរិកកំពុងបន្តសិក្សាការបាញ់នេះ។

ចំពោះ​ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានធ្វើឡើងមិនដល់មួយម៉ោងផង ក្រោយប្រេសិតកូរ៉េខាងជើងនៅ UN លោក គីម សុង ថ្លែងក្នុងកិច្ចប្រជុំមហាសន្និបាតនៅទីក្រុងញូវយ៉ក ថា កូរ៉េខាងជើងមានសិទ្ធិក្នុងការបាញ់សាកល្បងអាវុធខ្លួន ហើយព្យុងយ៉ាងមានសិទ្ធិត្រឹមត្រូវក្នុងការការពារខ្លួន និងអភិវឌ្ឍអាវុធ។ ហេីយ​នេះគឺជាការបាញ់សាកល្បងលើកទី៣​ នៃអាវុធរបស់កូរ៉េខាងជើងនៅខែនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីល​ផ្លោងចម្ងាយឆ្ងាយ និងមីស៊ីលបាញ់ចេញពីរថភ្លើងនៅក្នុងខែកញ្ញានេះ។​

បេីតាមលោក គីម សុង​ បានបញ្ជាក់ទៅកាន់មហាសន្និបាតយ៉ាងដូច្នេះថា៖«យើងគ្រាន់តែពង្រឹងការការពារជាតិរបស់យើងដើម្បីការពារខ្លួន ការពារសន្តិសុខ និងសន្តិភាពរបស់ប្រទេសដោយភាពជឿជាក់ប៉ុណ្ណោះ»។

អគ្គរដ្ឋទូតកូរ៉េខាងជើង បានបន្ថែមថា កូរ៉េខាងជើងនឹងឆ្លើយតបដោយឆន្ទៈគ្រប់ពេលទៅកាន់អាម៉េរិក ប្រសិនបើអាម៉េរិកបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនមកកាន់កូរ៉េខាងជើង។ ប៉ុន្តែមកទល់នឹងពេលនេះ កូរ៉េខាងជើងគ្មានការរំពឹងទុកថា អាម៉េរិកនឹងក្នុងការដកគោលនយោបាយអរិភាពរបស់ខ្លួនចេញឡើយនៅពេលបច្ចុប្បន្ននេះ។

សូមរម្លឹកដែរថា​ កូរ៉េខាងត្បូង កាលពីសប្តាហ៍មុន បានអំពាវនាវឱ្យមានការបញ្ចប់សង្រ្គាមឧប​ទ្វីបកូរ៉េជាងផ្លូវការ។ ជាការឆ្លើយតបនឹងការអំពាវនាវរបស់កូរ៉េខាងត្បូង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានលើកឡើងថាទីក្រុងព្យុងយ៉ាងមានឆន្ទៈពិចារណាកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដោយឈរលើការគោរពគ្នាទៅវិញទៅមក និងមិនលំអៀង។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ ចំពោះ​សហរដ្ឋ​អាម៉េរិកវិញ ក៏បានបង្ហាញឆន្ទៈក្នុងការបន្តកិច្ចចរចាអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងផងដែរ។ ខណៈដែល​រដ្ឋាភិបាល ចូ បៃឌិន និយាយថាខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយកូរ៉េខាងជើងនៅគ្រប់ទីកន្លែងគ្រប់ពេលវេលា យ៉ាងណាមិញកូរ៉េខាងជើងនៅតែមិនទាន់ឆ្លើយតបទៅនឹងអាម៉េរិក៕ដោយ​៖ស​ តារា​

រូបថត៖ KCNA


ចែករំលែក៖