អន្តរជាតិ៖ កូរ៉េខាងជើង បន្តសាកល្បងអាវុធជាលើកទី៣ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីបានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីមួយគ្រាប់ទៀតចូលក្នុងសមុទ្រខាងកើត ក្នុងខែកញ្ញានេះ។ ហេីយចំពោះការបាញ់សាកល្បងថ្មីនេះ ត្រូវបានប្រេសិតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងក្នុងមហាសន្និបាតថា៖ ខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ។
ជាក់ស្ដែងបើតាមការបញ្ជាក់ពីយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា មីស៊ីលបាលីស្ទិកចម្ងាយខ្លី ត្រូវបានបាញ់ចេញខេត្ត Jagang នៅម៉ោងប្រហែល៦ព្រឹកសំដៅសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូង បញ្ជាក់ថា ខ្លួន និងយោធាអាម៉េរិកកំពុងបន្តសិក្សាការបាញ់នេះ។
ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានធ្វើឡើងមិនដល់មួយម៉ោងផង ក្រោយប្រេសិតកូរ៉េខាងជើងនៅ UN លោក គីម សុង ថ្លែងក្នុងកិច្ចប្រជុំមហាសន្និបាតនៅទីក្រុងញូវយ៉ក ថា កូរ៉េខាងជើងមានសិទ្ធិក្នុងការបាញ់សាកល្បងអាវុធខ្លួន ហើយព្យុងយ៉ាងមានសិទ្ធិត្រឹមត្រូវក្នុងការការពារខ្លួន និងអភិវឌ្ឍអាវុធ។ ហេីយនេះគឺជាការបាញ់សាកល្បងលើកទី៣ នៃអាវុធរបស់កូរ៉េខាងជើងនៅខែនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងចម្ងាយឆ្ងាយ និងមីស៊ីលបាញ់ចេញពីរថភ្លើងនៅក្នុងខែកញ្ញានេះ។
បេីតាមលោក គីម សុង បានបញ្ជាក់ទៅកាន់មហាសន្និបាតយ៉ាងដូច្នេះថា៖«យើងគ្រាន់តែពង្រឹងការការពារជាតិរបស់យើងដើម្បីការពារខ្លួន ការពារសន្តិសុខ និងសន្តិភាពរបស់ប្រទេសដោយភាពជឿជាក់ប៉ុណ្ណោះ»។
អគ្គរដ្ឋទូតកូរ៉េខាងជើង បានបន្ថែមថា កូរ៉េខាងជើងនឹងឆ្លើយតបដោយឆន្ទៈគ្រប់ពេលទៅកាន់អាម៉េរិក ប្រសិនបើអាម៉េរិកបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនមកកាន់កូរ៉េខាងជើង។ ប៉ុន្តែមកទល់នឹងពេលនេះ កូរ៉េខាងជើងគ្មានការរំពឹងទុកថា អាម៉េរិកនឹងក្នុងការដកគោលនយោបាយអរិភាពរបស់ខ្លួនចេញឡើយនៅពេលបច្ចុប្បន្ននេះ។
សូមរម្លឹកដែរថា កូរ៉េខាងត្បូង កាលពីសប្តាហ៍មុន បានអំពាវនាវឱ្យមានការបញ្ចប់សង្រ្គាមឧបទ្វីបកូរ៉េជាងផ្លូវការ។ ជាការឆ្លើយតបនឹងការអំពាវនាវរបស់កូរ៉េខាងត្បូង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានលើកឡើងថាទីក្រុងព្យុងយ៉ាងមានឆន្ទៈពិចារណាកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដោយឈរលើការគោរពគ្នាទៅវិញទៅមក និងមិនលំអៀង។
ដោយឡែកជុំវិញបញ្ហានេះដែរ ចំពោះសហរដ្ឋអាម៉េរិកវិញ ក៏បានបង្ហាញឆន្ទៈក្នុងការបន្តកិច្ចចរចាអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងផងដែរ។ ខណៈដែលរដ្ឋាភិបាល ចូ បៃឌិន និយាយថាខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយកូរ៉េខាងជើងនៅគ្រប់ទីកន្លែងគ្រប់ពេលវេលា យ៉ាងណាមិញកូរ៉េខាងជើងនៅតែមិនទាន់ឆ្លើយតបទៅនឹងអាម៉េរិក៕ដោយ៖ស តារា
រូបថត៖ KCNA