អន្តរជាតិ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងពិព័រណ៍អាកាសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសចិន បានបង្ហាញបរិក្ខាយោធាផ្លូវអាកាស ដែលកាន់តែទំនើបខ្លាំងឡើងៗរបស់ខ្លួន ជាពិសេសយន្តហោះដ្រូន និងយន្តហោះចម្បាំង។
ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយបន្ថែមថា ពិព័រណ៍ខាងលើត្រូវបានរៀបចំឡើង នៅទីក្រុង ជូហៃ (Zhuhai) ភាគខាងត្បូងប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារទី២៨ កញ្ញានេះដែរ។
សូមជម្រាបថា ក្នុងចំណោមបច្ចេកវិទ្យាយោធាផ្លូវអាកាស ដែលកំពុងត្រូវតាំងបង្ហាញនៅទីក្រុង Zhuhai គឺរួមមានទាំងគំរូយន្តហោះដ្រូនឈ្លបការណ៍ និងប្រយុទ្ធស៊េរីថ្មីមួយហៅថា CH-6។
ដោយឡែកសម្រាប់យន្តហោះដ្រូនថ្មីដ៏គួរឲ្យចាប់អារម្មណ៍នេះ មានប្រវែងពីចុងស្លាបម្ខាងទៅម្ខាង ២០.៥ម៉ែត្រ និងបណ្តោយ ១៥.៨ម៉ែត្រ។ វាអាចផ្ទុកមីស៉ីល ហើយត្រូវបានអភិវឌ្ឍឡើង សម្រាប់ប្រតិបត្តិការឈ្លបការណ៍ និងវាយប្រហារសត្រូវតែម្តង។
ចំណែកយន្តហោះដទៃទៀត ដែលទើបបង្ហាញខ្លួនលើកដំបូងក្នុងពិព័រណ៍ខាងលើ រួមមាន៖ ទាំងយន្តហោះដ្រូន WZ-7 ដែលមានសមត្ថភាពហោះនៅកម្ពស់ខ្ពស់ សម្រាប់ធ្វើប្រតិបត្តិការឈ្លបការណ៍នៅតាមព្រំដែន និងល្បាតដែនសមុទ្រ ព្រមទាំងយន្តហោះចម្បាំង J-16D ដែលមានសមត្ថភាព ធ្វើឱ្យឧបករណ៍អេឡិចត្រូនិចគាំងដំណើរការ។ មិនតែប៉ុណ្ណោះយន្តហោះទាំងពីរប្រភេទនេះ ត្រូវបានដាក់ឱ្យយោធាចិនប្រើប្រាស់រួចរាល់ហើយ។
គួរបញ្ជាក់ថា បើនិយាយអំពីបច្ចេកវិទ្យា និងការវិនិយោគលើផ្នែកសព្វាវុធ គឺចិននៅដើរក្រោយសហរដ្ឋអាមេរិកនៅឡើយ ប៉ុន្តែក្រុមអ្នកជំនាញមើលឃើញថា ចិនកំពុងតែប្រឹងប្រែងបង្រួមគម្លាតនេះ ហើយក៏កំពុងតែធ្វើឲ្យសហរដ្ឋអាមេរិក សម្លឹងមើលមិនដាក់ភ្នែក និងបានបង្ហាញក្តីព្រួយបារម្ភជាច្រើនរួចមកហើយដែរ៕
ដោយ៖ស តារា