ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហម Liverpool បន្តឈរលេខ១ក្នុងពូល B នៅ Champions League ក្រោយបំបាក់ Porto ៥ទល់១

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Porto ដើម្បីបន្តឈរកំពូលតារាងក្នុងពូលB នៃក្របខ័ណ្ឌ Champions League រដូវកាល២០២១-២០២២។ ក្រុមរបស់លោក Jurgen Klopp ពិតជាអស្ចារ្យមែនទែនដោយសារពួកគេរក្សាការឈ្នះ ១០០% នៅក្នុងការប្រកួតក្របខ័ណ្ឌមួយនេះ។

ការប្រកួតបានចាប់ផ្តើមក្នុងតង់ទី១ ក្រុមភ្ញៀវហង្សក្រហម Liverpool ធ្វើបានល្អដោយរកបាន២គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ Porto គឺរកបានដោយខ្សែប្រយុទ្ធ Mohamed Salah នៅនាទីទី១៨ និង១គ្រាប់ទៀតរកបានដោយ Sadio Mane នៅនាទីទី៤៥ជិតចប់ការប្រកួតក្នុងតង់ទី១ទៅហើយ។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវនៅតែព្យាយាមសម្រុកយ៉ាងខ្លាំងដែលការគ្រប់គ្រងបាល់មានរហូតដល់៦៧ភាគរយ ហើយនៅនាទីទី៦០ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah ដដែលរកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យក្រុម Liverpool បន្តនាំមុខ៣ទល់០។

ចូលដល់នាទីទី៧៤ ក្រុមម្ចាស់ផ្ទះ Porto រកបាន១គ្រាប់សងវិញដោយការតែតបាល់បញ្ចូលទីរបស់កីឡាករ Mehdi Taremi។ ប៉ុន្តែក្រុមភ្ញៀវហង្សក្រហមមិនទាន់ស្កប់ស្កល់នឹងការរកគ្រាប់បាល់នោះទេ ដោយបន្តដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះរហូតដល់រកបាន២គ្រាប់បន្ថែមទៀតនៅនាទីទី៧៧ និងនាទីទី៨១ ជិតចប់ការប្រកួត ដែល២គ្រាប់នេះរកបានដោយកីឡាករ Roberto Firmino ។

លទ្ធផលនេះធ្វើឲ្យក្រុមហង្សក្រហម Liverpool បន្តឈរលេខ១ក្នុងពូល B ដោយ២ប្រកួតកន្លងមកគឺឈ្នះទាំង២ប្រកួតមាន៦ពិន្ទុពេញនៅក្នុងដៃ ស្របពេលដែលក្រុមលេខ២គឺ Atletico Madrid ក្រោយពីយកឈ្នះ AC Milan ក្នុងលទ្ធផល២ទល់១។ ចំណែកក្រុលេខ៣គឺ Port មាន១ពិន្ទុ ក្រោយពី២ប្រកួតចាញ់១ និងស្មើ១ ខណៈក្រុម AC Milan មិនទាន់មានពិន្ទុនៅក្នុងដៃនៅឡើយទេ ក្រោយពី២ប្រកួតចាញ់ទាំងអស់ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖