ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអាស៊ីខាងកើត លោក Kin Moy នៅថ្ងៃទី ២៩ខែកញ្ញាបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខដាក់គ្នា និងរំសាយអាវុធបរមាណូឈានដល់សន្តិភាព ឧបទ្វីប ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំតាមអនឡាញជាមួយមន្ត្រីយោធាកូរ៉េខាងត្បូង លោក Kin Moy បានឱ្យដឹងថា អាមេរិកបានទំនាក់ទំនងដោយផ្ទាល់ជាមួយទីក្រុងព្យុងយ៉ាង ដើម្បីឡើងគម្រោងពិភាក្សាជាន់ខ្ពស់ រវាងកូរ៉េខាងជើង នឹងអាមេរិកដោយ មិនមានលក្ខខណ្ឌណាមួយឡើយ។
លោក Kin Moy បានបញ្ជាក់ថា អាមេរិក នឹងកសាងទំនុកចិត្ត ជាមួយកូរ៉េខាងជើង ក្នុងនោះមានទាំងការផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងទៀតផង ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីភាគខាងកើត ។ សកម្មភាពខាងលើរបស់អាមេរិក កើតឡើងក្រោយពេលដែលកូរ៉េខាងត្បូងបានប្រកាសនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយអំពាវនាវដល់អាមេរិកឱ្យចុះសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េដើម្បីបញ្ចប់សង្គ្រាមឆ្នាំ ១៩៥០-១៩៥៣។ ការប្រកាសខាងលើរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនៅអង្គការសហប្រជាជាតិ គឺជាសញ្ញាវិជ្ជមានមួយដើម្បីឆ្ពោះទៅរកសន្តិភាពយ៉ាងពិតប្រាកដនៅឧបទ្វីបកូរ៉េ។ ជាមួយគ្នានេះដែរ អាមេរិកក៏បានប្រកាសថា នឹងសហការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធទំនាក់ទំនង ឧបទ្វីបកូរ៉េ ។ សន្តិភាពឧបទ្វីបកូរ៉េគឺជាក្តីស្រមៃរបស់ពលរដ្ឋប្រទេសទាំងពីរ ដើម្បីអាចជួបជុំសាច់ញាតិដែលបានបែកបាក់ដោយសារសង្គ្រាមកាត់ផ្តាច់កូរ៉េទាំងពីរ ៕ដោយ៖ធីរីណា
ប្រភពរូបថត៖ AP.
រូបថត៖AFP/TTXVN.