អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រទេសនេះទើបតែទទួលបានវ៉ាក់សាំងចំនួន២លានដូសពីក្រុមហ៊ុន Pfizer លើកដំបូង ក្នុងចំណោមវ៉ាក់សាំងរហូតដល់ទៅ៣០លានដូសដែលរដ្ឋាភិបាលថៃបានបញ្ជាទិញ ។
តាមគម្រោង ក្រុមហ៊ុន Pfizerនឹងបន្តផ្តល់វ៉ាក់សាំងឱ្យប្រទេសថៃ ជាបន្តបន្ទាប់ ហើយនៅខែតុលាខាងមុខនឹងបន្តផ្តល់ជូន៦លានដូស ក្នុងចំណោម៣០លានដូសដែលបានបញ្ជាទិញ។
ការផ្តល់វ៉ាក់សាំងពីក្រុមហ៊ុន Pfizer ក្នុងពេលដែលថៃបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំ ហើយភាគច្រើនវ៉ាក់សាំងដែលប្រទេសថៃប្រើប្រាស់ គឺជារបស់ក្រុមហ៊ុន AstraZeneca និង ស៊ីណូវ៉ាក់។ ប៉ុន្តែដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងជូនពលរដ្ឋពីអាយុ១២ឆ្នាំឡើងទៅ ថៃបានសម្រេចទិញវ៉ាក់សាំងបន្ថែមចំនួន៣០លានដូសទៀតពីក្រុមហ៊ុន Pfizer ។
តាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានឱ្យដឹងថា វ៉ាក់សាំងដែលទិញមកពីអាមេរិក នឹងចាក់ជូនពលរដ្ឋ មានអាយុចាប់ពី១២-១៨ឆ្នាំ។ ចំនួនវ៉ាក់សាំង Pfizer ដែលនៅសេសសល់នឹងចាក់លាយជាមួយវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយក្នុងនោះថៃនឹងប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ដើម្បីចាក់ដូសទីមួយ ចំណែកវ៉ាក់សាំង Pfizerនឹងចាក់ដូសទីពីរតែម្តង ។
ថៃបានបង្កើនល្បឿនចាក់វ៉ាក់សាំងដើម្បីបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ពិសេសវិស័យទេសចរណ៍ ។ គិតជាមធ្យម ថៃចាក់បានវ៉ាក់សាំងប្រមាណ១លានដូសក្នុងមួយថ្ងៃ គឺកើនឡើងខ្ពស់ ហើយពលរដ្ឋដែលបានចាក់ដូសទីពីររួចរាល់ គឺមានជាង២៦%ហើយ ៕ដោយ៖ធីរីណា
ប្រភពរូបភាព៖Bangkok post