ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​ជាន់ខ្ពស់​ចិន​ស្នើឱ្យភាគីឥណ្ឌា គួររក្សាជំហរកណ្ដាល កុំចូលសម្ពន្ធភាពណាមួយ​ដើម្បីប្រឆាំងចិន

ចែករំលែក៖

អន្តរជាតិ​៖​ លោក Sun Weidong ឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីញូវដែលី​ កាលពីថ្ងៃទី២៩ ខែកញ្ញាថ្មីៗនេះ​ នៅ​ក្នុងកិច្ចប្រជុំអនឡាញនៅថ្ងៃទី២៩ ខែកញ្ញា ជាមួយតំណាងជាង១០០នាក់នៃសហគមន៍អាជីវកម្ម វប្បធម៌ និងអប់រំនៅឥណ្ឌា បានស្នើឱ្យភាគី​ឥណ្ឌារក្សាជំហរយុទ្ធសាស្ត្រស្វ័យភាពជាជាងចូលរួមជាមួយសម្ពន្ធភាពណាមួយប្រឆាំងនឹង​ប្រទេស​ជិតខាងរបស់ខ្លួន ព្រោះមិនអាចជោគជ័យឡើយ។ លោកឯកអគ្គរដ្ឋទូតចិនរូបនេះ បានអំពាវនាវឱ្យឥណ្ឌាសហការជាមួយចិនឱ្យបានច្រើន​ជាង​មុន​លើ​បញ្ហាផ្សេងៗ និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។​

ឯកអគ្គរដ្ឋទូតចិន ​ក្នុងកិច្ចប្រជុំអនឡាញនោះ​ បានសង្កត់ធ្ងន់ថា៖ ការប៉ុនប៉ងណា​មួយ​ដើម្បី​ប្រមូលផ្តុំកម្លាំងក្នុងការទប់ស្កាត់ និងបង្ក្រាបចិន នឹងទទួលបរាជ័យជាក់ជាមិនខាន។ បេី​ទោះជាមិននិយាយចំឈ្មោះ ក៏លោក Sun Weidong​ ទំនងសំដៅលើការចូលរួមរបស់ឥណ្ឌាក្នុងជំនួបក្រុមដៃគូ​សន្ទនា​សន្តិសុខ​ចតុ​ភាគី​ (Quad) ដែលបានធ្វើឡើងនៅថ្ងៃទី២៤​​ ខែកញ្ញាកន្លងទៅ។

ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បា​នលើកឡើងថា ដោយសារភាពអាត្មានិយម ពួកគេប្រកាន់ខ្ជាប់គោលគំនិតសង្គ្រាម​ត្រជាក់​ដែលគិតតែពីប្រយោជន៍ខ្លួន ព្យាយាមបង្កើតក្រុមដោយមិនបញ្ចូលភាគីផ្សេង និងបង្កើត​សម្ពន្ធ​យោធា​ដើម្បីគាបសង្កត់ប្រទេសដទៃ។ ក្នុងសេចក្ដីប្រកាសរបស់ស្ថានទូតចិន អ្នកការទូតរូបនេះ ក៏រិះគន់ទៀតថា ប្រទេសទាំងនោះក៏បង្កើនភាពតានតឹង បង្កឱ្យមានការរត់ប្រណាំងសព្វាវុធ​ ការ​បែង​ចែកបក្សពួក ហើយធ្វើឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្លាយជាសង្វៀនរបស់មហាអំណាច និង​បង្ក​អស្ថិរភាព​ពិភពលោក។
មិនតែប៉ុណ្ណោះ​ លោក Sun Weidong​ ក៏ស្នើឱ្យឥណ្ឌារក្សាជំហរយុទ្ធសាស្ត្រស្វ័យភាព ឬឯករាជ្យ ហើយចៀសពី​ការ​ចូលរួ​មជាមួយសម្ពន្ធភាពផ្សេងៗប្រឆាំងគ្នាទៅវិញទៅមក ។ លោក Sun អះអាងថា ទោះបីជា​ទំនាក់​ទំនងឥណ្ឌា-ចិនមានបញ្ហាល្អក់កករមួយចំនួនដូចជាជម្លោះព្រំដែនក៏ដោយ ក៏ភាគីទាំងពីរគួរតែ​ដោះស្រាយជម្លោះទាំងនោះដោយយុត្តិធម៌ សមហេតុផល និងស្មើភាពដើម្បីស្ដារទំនាក់ទំនង និ​ង​ឆ្ពោះ​ទៅរកស្ថិរភាពជាមួយគ្នា។

ដោយឡែកចំពោះឥណ្ឌា​កន្លងមកបាន​ហាមឃាត់កម្មវិធីទូរស័ព្ទចិនជាង២០០ ដោយសារមូលហេតុសន្តិសុខ ហើយក៏បានដាក់​កំហិត​ការ​វិនិយោគរបស់ចិនក្នុងក្រុមហ៊ុននិងវិស័យដែលរសើបនោះ។ អ្នកការទូតចិនរូបនេះ​ ក៏បានស្នើទៅកាន់ភាគីឥណ្ឌាឱ្យផ្ដល់ភាពស្មើភាពគ្នានៃការវិនិយោគរបស់​ក្រុមហ៊ុនប្រទេសទាំងពីរជាជាងការរឹតត្បិតការរកស៊ីរបស់ក្រុមហ៊ុនទាំងនោះ៕

ដោយ៖ស​ តារា


ចែករំលែក៖