ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅក្រុង-ស្រុក៩ របស់ខេត្តបន្ទាយមានជ័យកំពុងរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ  ៖  រដ្ឋបាលខេត្តបន្ទាយមានជ័យបានផ្តល់របាយការណ៍ឱ្យដឹងថា ប្រជាពលរដ្ឋដែលប៉ះពាល់រងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ គិតពីថ្ងៃទី ២០ ដល់ត្រឹមល្ងាច ថ្ងៃទី ៣០ ខែកញ្ញានេះ មានស្រុក ក្រុង ៩ ទូទាំងខេត្តបន្ទាយមានជ័យបានរងផលប៉ះពាល់ ក្នុងនោះមានស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកភ្នំស្រុក ស្រុកប្រនេត្រព្រះ ស្រុកស្វាយចេក និងស្រុកថ្មពួក។

ក្នុងរបាយការណ៍របស់រដ្ឋបាលខេត្ត និងលេខាធិការដ្ឋាន គណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយបង្ហាញទិន្នន័យថា ផលប៉ះពាល់ធ្ងន់ធ្ងរ មាន ៣៨ ឃុំ សង្កាត់ ក្នុងស្រុក ក្រុង ទាំង ៩ ពលរដ្ឋរងគ្រោះមាន១៨.៧១៥ គ្រួសារខ្នងផ្ទះ និងជម្លៀសទៅទួល សុវត្ថិភាព ១.១៥០ គ្រួសារ ទឹកជំនន់ បង្កផលប៉ះពាល់លិចស្រូវកើនដល់ប្រមាណ ២៥.២២៣ ហិកតា ដំឡូងមី ២២២ ហិកតា និងដំណាំរួមផ្សំប្រមាណ ៧៩ ហិកតា សត្វពាហនៈ ១០៣ ក្បាល។

ចំណែក ហេដ្ឋារចនាសម្ព័ន្ធ រង ផលប៉ះពាល់លិចសាលា ២៦ កន្លែង វត្ត ៩ មណ្ឌល សុខភាព ២ និងទឹកហូរកាត់ផ្លូវ ៥៤១ ខ្សែ ប្រវែង ២២៧.៣៣៤ ម៉ែត្រ។  យ៉ាងណាប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទួលសុវត្ថិភាពបានទទួលស្បៀង សង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីគ្រប់ចំនួននិងស្នាក់នៅបានស្នាក់នៅបណ្តោះអាសន្នយ៉ាងសមរម្យផងដែរ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖