ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយលោក ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្តកិច្ច ការពារបូរណភាពទឹកដី

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុនី ត្រូវបានលោកជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នាំយកទៅប្រគល់ជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ សម្រាប់ផ្គត់ផ្គង់ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌ និងប្រយុទ្ធជំងឺកូវីដ-១៩ ពិសេសបន្តកិច្ចការពារបូរណភាពទឹកដី។

ការចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយនាឳកាសនោះ មានការចូលរួមពីសំណាក់ លោកស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត,អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរ អរគុណដល់ទឹកចិត្តរបស់កម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ ការពារបូរណភាពទឹកដី គាំទ្រឥតងាករេរ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងទៅ កាន់កងកម្លាំងយោធានាឳកាសនោះ ត្រូវបំរើរាស្ត្រដោយស្មោះត្រង់យកចិត្តទុកដាក់តាមបន្ទាត់ព្រំដែនប្រវែង១៣៤ គីឡូម៉ែត្រ មិនឲ្យបុគ្គលណា រឺប្រទេសណាឈ្លានពានទឹកដី នេះជាកតព្វកិច្ចកងកម្លាំង  បន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ មិនឲ្យមានការចលាចលក្នុងមូលដ្ឋាន ដោយអនុវត្តន៍តាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពិសេសបន្តការពារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាកត្តាអទិភាព។

លោកអភិបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា កងកម្លាំងយោធាយើងទាំងអស់បន្តឈរយ៉ាងរឹងមាំការពារទឹកដី និងត្រៀមកម្លាំងអន្តរាគមន៍ នៅពេលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវការ បូករួមទាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថដូចគ្នា។

ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមាន អង្ករ២តោន,ទឹកសុទ្ធ២០០កេស, មី១០០កេស, ម៉ាស៥០០០ម៉ាស, អាល់កុល១៥០លីត្រ,បន្លែ១៨០គីឡូក្រាម និងថវិកាមួយចំនួន៕

ដោយ៖ សូរិយា


ចែករំលែក៖