ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ២គ្រឿង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស០២នាក់បានបាត់បង់ជីវិត និង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តកាមារី០១គ្រឿងបុកជាមួយម៉ូតូ០២គ្រឿង នៅវេលាម៉ោង០៦និង៤០នាទីយប់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ លើកំណាត់ ផ្លូវជាតិលេខ២៥៦៣  ខាងលិចសាលាឃុំគោករមៀត ប្រហែល ៧០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំគោករមៀត ស្រុកថ្មពួក 

នគរបាលរដ្ឋបាលមូលដ្ឋានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូទី១/-ឈ្មោះប៊ិន ដា ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធឃុំគោករមៀតស្រុកថ្មពួក បើកម៉ូតូម៉ាកវ៉េវអាល់ហ្វាc100 ពណ៌ខៀវ ទឹកប្រាក់ គ្មានស្លាកលេខ ស្លាប់នៅកន្លែងកើតហេតុនិងប្រពន្ធរួមដំណើរឈ្មោះ កៃ យ៉ុន ភេទស្រី អាយុ ៥២រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។

 ចំណែកអ្នកបើកម៉ូតូទី០២/- ឈ្មោះ ប្រម ថៃ ភេទប្រុសអាយុ ៣៤ ឆ្នាំរស់នៅភូមិសាមគ្គីឃុំគោករមៀតស្រុកថ្មពួកបើកបរម៉ូតូម៉ាកវ៉េវ 110 ពណ៌ទឹកប្រាក់ខៀវគ្មានស្លាកលេខ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យមង្គលបូរី ។

នគរបាលដដែលបានបញ្ជាក់ថា៖នៅមុនកើតហេតុម៉ូតូ០២គ្រឿងបានធ្វើដំណើរពីទិខាងកើតទៅលិច ពេលដល់ចំណុចកើតហេតុ មានរថយន្តកាមារី០១គ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-3202 ពណ៌ប៉ៃតងចាស់ បើកបរទិសដៅពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសទិស បានរេចង្កូតទៅបុករះម៉ូតូទាំង០២គ្រឿង បណ្តាលឲ្យស្លាប់ ០២នាក់ ជាអ្នកបើកម៉ូតូនិងអ្នករួមដំណើររបួសធ្ងន់០១នាក់ផងដែរ។ចំពោះ រថយន្តក្រោយបង្កហេតុបានធ្លាក់ចូលក្នុងវាលស្រែ។ក្រោយពីកើតហេតុរួចអ្នកបើកបានរត់គេចខ្លួនបាត់ស្រមោល ។

នគរបាលបានបញ្ជាក់ថា៖បង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តបើកលឿនខ្វះការប្រុងប្រយ័ត្ន(ឡើងជែង) ។វត្ថុតាងរថយន្តខូចស្រាលផ្នែកមុខនិងម៉ូតូខូចធ្ងន់ទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក។ចំណែកសពប្រគល់ជូនក្រុមសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វណ្ណា


ចែករំលែក៖