ខេត្តសៀមរាប ៖ តាមរយៈការបិទខ្ទប់ជាតំបន់លឿងទុំ និងតំបន់ក្រហមក្នុងភូមិសាស្ត្រក្រុងសៀមរាប រយៈពេល២សប្តាហ៍ នៃខែកញ្ញា ឆ្នាំ២០២១ ក្នុងក្រុងសៀមរាបកន្លងមកនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីធានាការផ្គត់ផ្គង់ស្បៀងជូនបងប្អូនប្រជាពលរដ្ឋ ដូចជា៖ ការចែកស្បៀងជូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាតជាក់ស្តែង ការរៀបចំផ្សារលក់តាមអនឡាញ ការរៀបចំការដឹកជញ្ជូនដោយឥតគិតថ្លៃដែលរដ្ឋបាលខេត្តដោះស្រាយថ្លៃដឹកជញ្ជូនជាដើម។ ក្រុមរ៉ឺម៉កប្រមាណ ជាង៣០០រ៉ឺម៉ក តោះទៅលេងសៀមរាប ក៏បានរួមចំណែកលើការងារដឹកជញ្ជូននេះផងដែរ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា, រយៈពេលនៃការបិទខ្ទប់នេះ យើងទទួលបាននូវបទពិសោធន៍ជាច្រើនក្នុងការរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយ “រៀនរស់តាមបែបគន្លងថ្មី”។ ជាមួយគ្នានេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋចេះ “រៀនរស់តាមបែបគន្លងថ្មី” ត្រូវកែហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ សម្ភារ ដែលអាចរក្សាគម្លាតបានចំពោះទីតាំងទាំងអស់ក្នុងខេត្តសៀមរាប ដូចជា៖
-វត្តអារាម
-ផ្សាររដ្ឋ-ឯកជន តូច ធំ
-រមណីយដ្ឋាន ភោជនីយដ្ឋាន
-សហគមន៍ទេសចរណ៍
-តំបន់ទេសចរណ៍ ក្នុងប្រាសាទ និងក្រៅប្រាសាទ
-សាលារៀនរដ្ឋ-ឯកជន និងទីប្រជុំជនមួយចំនួន ។ល។
-ជំរុញអោយមានការប្រើប្រាស់ សេវាដឹកជញ្ជូនអោយបានច្រើនបំផុត ដូចជា រ៉ឺមក់កង់៣ និងក្រុមហ៊ុនដឹកជញ្ជូនផងដែរ ជៀសវាងការប៉ះពាល់ផ្ទាល់។
លោក អភិបាលខេត្ត នៅតែសង្ឃឹម និងជឿជាក់ថាយើងអាចធ្វើបាន ហើយមិនអាចឯកឧត្តមធ្វើតែម្នាក់ឯងបានទេ មានតែបងប្អូនប្រជាពលរដ្ឋទេដែលសម្រេច លើវាសនារបស់ខេត្តយើង ចូលរួមទាំងអស់គ្នា យើងនិងជោគជ័យ ទាំងអស់គ្នា។
រដ្ឋបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់កងកម្លាំង មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងយុវជនសសយក កាកបាទក្រហម ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការអនុវត្តវិធានការរដ្ឋបាលនាពេលកន្លងមក។
-រៀនរស់ជាមួយកូវីដ-១៩ -រស់នៅតាមបែបគន្លងថ្មី -ការពារខ្លួនឯងស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
-៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
-៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕
ដោយ ៖ សិលា