ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដក្រឡុកស៊ីម៉ងត៍ខ្វះការប្រុងប្រយ័ត្នបុករះរថយន្តពីរគ្រឿងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងត៍ក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅកៀរថយន្តសាំយ៉ុងមួយគ្រឿង រួចបន្តទៅបុករថយន្តMGមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់គោកឃ្លាង  ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកMG ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BL -2471បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានបន្ថយល្បឿនដើម្បីឲ្យរថយន្តមួយគ្រឿងនៅខាងមុខបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ5A -1525 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនស្រាប់តែជ្រុលទៅកៀររថយន្តសាំយ៉ុងមួយគ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាកលេខព្រះសីហនុ2A-3624ដែលបើកស្របទិសគ្នាបណ្ដាលឲ្យរងការខូចខាតផ្នែកចំហៀងខាងឆ្វេងយ៉ាងដំណំ រួចរថយន្តក្រឡុកស៊ីម៉ងត៍បានបន្តទៅបុកចំពីក្រោយរថយន្តMGពេញមួយទំហឹងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងយ៉ាងធ្ងនធ្ងរ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖