ព័ត៌មានទាន់ហេតុការណ៍៖

តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ចុះចែកសម្ភារនិងគ្រឿងឧបភោគបរិភោគដល់កងកម្លាំងនៅទីបញ្ជាការ និងឈរជើងសហការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឈៀ វណ្ណឌី តំណាងលោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញចុះចែកសាច់ពពែសរុបចំនួន៨៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងរបស់ទីបញ្ជាការ និងកងកម្លាំងសហការនៅតាមភូមិសាស្រ្តឃុំជ្រៃធំ ស្រុកកោះធំ ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ 

គួរបញ្ចាក់ថា ក្រៅពីភារកិច្ចស្នូលទៅលើការងារការពារសន្តិសុខសណ្តាប់ធ្នាប់ទូទៅ កងឯកភាពក៏បានឆ្លៀតឱកាសបង្កបង្កើនផល និងចិញ្ចឹមសត្វផងដែរ។ 

ជាក់ស្តែងលោកមេបញ្ជាការបានឱ្យការិយាល័យទី៤ធ្វើការរៀបចំសាច់ពពែ ដើម្បីចែកជូនដល់កងកម្លាំងក្រោមចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងកងកម្លាំងដែលបានឈរជើងសហការនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ទៅដល់កងកម្លាំងក្រោមឱវាទដែលបានអនុវត្តទៅតាមបទបញ្ជារបស់លោកមេបញ្ជាការ ក៏ដូចជាភារកិច្ចដែលថ្នាក់លើប្រគល់ជូននាពេលកន្លងមក៕

ដោយ៖ ស សម


ចែករំលែក៖