ភ្នំពេញ៖ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងរថយន្តបានបើករអិលរេចង្កូតជ្រុលទៅ បុកម៉ូតូមួយគ្រឿងរុញខ្ទប់ទៅនឹងបង្កាន់ដៃស្ពានបាឡេ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅគ្លីនិកឯកជន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅលើស្ពានបាឡេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកTACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8421 បើកបរដោយបុរសម្នាក់ឡើងស្ពានបាឡេ ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J -5102 បើកបរឡើងស្ពានបាឡេក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្តខណៈដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងធ្វើឱ្យរថយន្តTACOMA រអិលរេចង្កូតជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង រុញផ្ទប់ជាមួយបង្កាន់ដៃស្ពានបាឡេ បណ្តាលឱ្យម៉ូតូរងការខូចខាតស្ទើរតែទាំងស្រុង ឯរថយន្តក៏រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងដូចគ្នា ហើយបណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូរងរបួសធ្ងន់។ក្រោយកើតហេតុត្រូវបានគេហៅរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនផងដែរ។
បន្ទាប់ពីកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុរួចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ រ៉ារ៉ា