ព័ត៌មានទាន់ហេតុការណ៍៖

ជនស៊ីវិលជាច្រើននាក់បានស្លាប់​ដោយសារការបំផ្ទុះគ្រាប់បែកនៅក្បែរវិហារអ៊ិស្លាមមួយក្នុងទីក្រុងកាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១​ បានដកស្រង់ការចេញផ្សាយពី​អ្នកនាំពាក្យតាលីបង់​ លោក Zabihullah Mujahid ដែលបាននិយាយថា ជនស៊ីវិលជាច្រើននាក់បានស្លាប់​ក្នុង​ករណីបំផ្ទុះគ្រាប់បែកមួយ​ដែលបានកើតឡើងនៅច្រកចូលវិហារអ៊ិស្លាមមួយនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាននៅថ្ងៃអាទិត្យម្សិលមិញនេះ។

អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា៖ ការផ្ទុះនេះបានកើតឡើងនៅជិតច្រកចូលវិហារ Eid Gah ក្នុងទីក្រុងកាប៊ុល។​ ភ្លាមៗនោះ មិនទាន់មានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

គួរបញ្ជាក់ថា​ ទោះបីជាក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានតាំងពីពាក់កណ្តាលខែសីហាមកក៏ដោយ ក៏ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមប្រឆាំងនឹងពួកគេមានការកើនឡើងដែរ។ ដោយឡែក​ចំពោះ​ការកើនឡើងនេះ​ បានបង្កើនលទ្ធភាពនៃជម្លោះកាន់តែទូលំទូលាយរវាងក្រុមទាំងពីរ៕

ដោយ​៖ស​ តារា(រូបភាព៖​ នៅលើបណ្តាញសង្គម Twitter ​របស់អ្នកនាំពាក្យតាលីបង់​ លោក Zabihullah Mujahid)


ចែករំលែក៖