ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់វាយតប់គ្នាទៅវិញទៅមក ផ្ទុះអាវុធ​​៤គ្រាប់​ របួសធ្ងន់​បុរសម្នាក់ត្រង់ចង្កេះ​ ឯជនដៃដល់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ​ មានករណីហិង្សាដោយចេតនា​មួយកើតឡើងនៅយប់ថ្ងៃទី​០៣ខែ តុលា ឆ្នំា២០២១​ នៅចំណុចភូមិសាយ៉ាវ​ ឃុំព្រះនិព្វាន​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ បណ្តាលឲ្យរងរបួសបុរសម្នាក់ដោយត្រូវគ្រាប់កាំភ្លើង។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនមិនស្គាល់ អត្តសញ្ញាណ​មួយក្រុម​ជាបក្ខពួករបស់ម្ចាស់ផ្ទះឈ្មោះ​ ហួត​ អ៊ី សារី​ (ប្តី​ ប្រពន្ធ)​ បានធ្វើសកម្មភាពហិង្សា ដេញវ៉ៃគ្នាទៅវិញទៅមកជាមួយក្រុមជនរងគ្រោះ ហើយក៏បានផ្ទុះអាវុធ​ខ្លី​ចំនួន៤គ្រាប់​ ចំទៅលើជនរងគ្រោះឈ្មោះ​ ម៉ាក់​ ម៉េត​ ភេទ​ ប្រុស​ អាយុ​ ២៥ឆ្នាំ​ នៅភូមិសាយ៉ាវ​ ឃុំព្រះនិព្វាន​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ បណ្តាលឲ្យរងរបួសធ្ងន់​ត្រង់ចង្កេះ​។ជនរងគ្រោះ ត្រូ​វបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: រាជធានីភ្នំពេញ​។ ចំណែកនៅកន្លែងកើតហេតុ​បន្សល់ទុក​ ស្បែកជើងរបស់ក្រុមជនសង្ស័យចំនួន២គូ មួកពណ៌ខ្មៅ​១និងកាំបិត​ប៉័ងតោ១​ ។ ដោយឡែកផ្ទះជនសង្ស័យបានចាក់សោចោលរួចនាំគ្នារត់គេចខ្លួនអស់បន្សល់ទុកនៅរថយន្ត១គ្រឿង​ ម៉ាក កាមរី​ ពណ៌ស​ ពាក់ស្លាកលេខ​ កំពង់ឆ្នាំង​2C​.3669 ជារបស់ជនសង្ស័យ​ ។

បច្ចុប្បន្ន សមត្ថកិច្ចបានយកភស្តុតាងទាំងនេះមករក្សាទុកនិងកំណត់មុខសញ្ញាដើម្បីឈានដល់ចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖