ខេត្តកំពង់ស្ពឺ ៖ មានករណីហិង្សាដោយចេតនាមួយកើតឡើងនៅយប់ថ្ងៃទី០៣ខែ តុលា ឆ្នំា២០២១ នៅចំណុចភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យរងរបួសបុរសម្នាក់ដោយត្រូវគ្រាប់កាំភ្លើង។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនមិនស្គាល់ អត្តសញ្ញាណមួយក្រុមជាបក្ខពួករបស់ម្ចាស់ផ្ទះឈ្មោះ ហួត អ៊ី សារី (ប្តី ប្រពន្ធ) បានធ្វើសកម្មភាពហិង្សា ដេញវ៉ៃគ្នាទៅវិញទៅមកជាមួយក្រុមជនរងគ្រោះ ហើយក៏បានផ្ទុះអាវុធខ្លីចំនួន៤គ្រាប់ ចំទៅលើជនរងគ្រោះឈ្មោះ ម៉ាក់ ម៉េត ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ចង្កេះ។ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: រាជធានីភ្នំពេញ។ ចំណែកនៅកន្លែងកើតហេតុបន្សល់ទុក ស្បែកជើងរបស់ក្រុមជនសង្ស័យចំនួន២គូ មួកពណ៌ខ្មៅ១និងកាំបិតប៉័ងតោ១ ។ ដោយឡែកផ្ទះជនសង្ស័យបានចាក់សោចោលរួចនាំគ្នារត់គេចខ្លួនអស់បន្សល់ទុកនៅរថយន្ត១គ្រឿង ម៉ាក កាមរី ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង2C.3669 ជារបស់ជនសង្ស័យ ។
បច្ចុប្បន្ន សមត្ថកិច្ចបានយកភស្តុតាងទាំងនេះមករក្សាទុកនិងកំណត់មុខសញ្ញាដើម្បីឈានដល់ចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ ៖ ប្រាថ្នា