ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោក មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា និងមន្ត្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំពិធីសែនព្រេន ក្នុងពិធីកាន់បិណ្ឌវេនទី១៣ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតកាទាំងប្រាំពីរសន្ដានដែលបានចែកឋានទៅកាន់លោកខាងមុខ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ “ពិធីបុណ្យភ្ជុំបិណ្ឌ” គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីតាមវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺប្រារព្វធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១៕
ដោយ ៖ សិលា