ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នា​ក់ស្លាប់នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ យ៉ាងហោចមានមនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ​ខ​ណៈកំពុងជិះ​ម៉ូតូ​ហើយត្រូវ​រថយន្ត​បុក នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១​ចន្លោះ​គីឡូម៉ែត្រ​៤៤-៤៥​ស្ថិតក្នុង​ភូមិ​ព្រៃ​រំដួល​ត្បូង ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពី កាលពី​យប់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១​ ។​

​ ​មន្រ្តីនគរបាលចរាចរណ៍ស្រុកបសេដ្ឋបានឲ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ZOOMER X ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​១GD-៤៩២៧ ។​

ម៉ូតូនេះបើកបរ​ដោយ​ឈ្មោះ ហួន មី​ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល(ស្លាប់) បើកបរ​ពី​ជើង​ទៅ​ត្ត្បូង រួមដំណើរ​ជាមួយឈ្មោះ ហួន គឹម​ហេង ភេទ​ស្រី អាយុ​១០​ឆ្នាំ ត្រូវជា​ប្អូនស្រី​អ្នកបើកបរ​ម៉ូតូ រងរបួស​ត្រង់​កដៃ​ខាងស្តាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​​បើក​មកដល់​កន្លែងកើតហេតុ​។លុះមកដល់កន្លែងកើតហេតុក៏ត្រូវ​រថយន្ត​​​​​មួយគ្រឿង​មិ​ន​ស្គាល់​ម៉ាក​បុក​ចំ​ពី​​មុខ​ម៉ូតូ ហើយក៏​បើក​ទៅ​ទិស​ខាងត្បូង​គេចបាត់​ទៅ។​

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយ​កើតហេតុ​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ ​ឯសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ស្រុកកំណើត​ដើម្បីធ្វើបុណ្យ​តាម​ប្រពៃណី​។ចំពោះ​វត្ថុតាង​ម៉ូតូ​ត្រូវយកមក​រក្សាទុក​នៅ​អធិការ​ដ្ឋាននគរបាលស្រុក​បសេដ្ឋ ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ពេលក្រោយ៕​

ដោយ ៖ ប្រាថ្នា


ចែករំលែក៖