ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ឱ្យលោកស្រី អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខា, លោកស្រី ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិការសាខា រួមជាមួយមន្ត្រីប្រតិបត្តិសាខា លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត នឹងមន្ត្រីសាលាខេត្ត នាំយកអំណោយសម្ភារសម្រាប់ទារិកាមួយរូបដែលមានផ្ទុកមេរោគអេដស៍ ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីនៅក្នុងមណ្ឌលសង្គមកិច្ចនៅភូមិ១ សង្កាត់លេខ៣ ខេត្តព្រះសីហនុ ។
នាឱកាសនេះលោកស្រី អ៊ូ ធីតាពៅ គួច ចំរើន បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកអាណិតអាសូរ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកឆ្លើយយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ជូនចំពោះកូនចៅដែលមានផ្ទុកមេរោគអេដស៍នេះផងដែរ។
ជាមួយគ្នានោះ លោកស្រីអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងថ្ងៃនេះសូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ មិត្តភក្តិ បងប្អូនបន្ថែមទៀតឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ និងលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ខាងមុខនេះ។
ចំពោះអំណោយដែលទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ កន្ទេល១ ឃីតទារក១ ម៉ាស់១ប្រអប់ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១០ម៉ឺនរៀល៕
ដោយ៖សហការី