ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃចន្ទទី០៤ ខែតុលា ឆ្នាំ២០២១នេះថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា (ថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២១) មានចំនួន ១១៦,៨១៩ នាក់ ក្នុងនោះភ្ញៀវជាតិ ១១៣,៨៥៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,៩៦៣ នាក់។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា៖ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ៖ ២៥,៩៣៤ នាក់
* ខេត្តកំពត៖ ២៤,៧៣២ នាក់
* ខេត្តព្រះសីហនុ៖ ១៥,១៧២ នាក់
* ខេត្តកែប៖ ៩,២៦៦ នាក់
* ខេត្តបាត់ដំបង៖ ៦,៧៥២ នាក់
* ខេត្តកណ្តាល៖ ៤,៦១៦ នាក់
* ខេត្តពោធិ៍សាត់៖ ៤,៥៧៩ នាក់
* ខេត្តមណ្ឌលគិរី៖ ៤,២៤៩ នាក់។
តួលេខនេះបន្តកើនឡើងប្រមាណ ១៤.៤៦,% ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត បានបើកទទួលភ្ញៀវទេសចរ លើកលែងតែខេត្តកំពង់ឆ្នាំងដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាលហាមឃាត់សកម្មភាពមួយចំនួនរួមទាំងរមណីយដ្ឋានផងដែរ បន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន និងសេវាស្នាក់នៅនានា បានទទួលការកក់ជាបណ្តើរៗសម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ខណៈដែលគោលដៅទេសចរណ៍ខេត្តសៀមរាបបានបញ្ចប់ការបិទខ្ទប់ និងបើកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាឡើងវិញ ចាប់ពីពាក់កណ្តាលសប្តាហ៍មុន។
ប្រជាពលរដ្ឋមួយចំនួន និងកម្មករ កម្មការីនៅរាជធានីភ្នំពេញ បានចាប់ផ្តើមធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតនាចុងសប្តាហ៍នេះ ហើយអាចបន្តស្នាក់នៅរហូតដល់ចុងសប្តាហ៍ក្រោយពេលបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ដោយសារថ្ងៃឈប់សម្រាកអាចនឹងមានរយៈពេលវែងរហូតដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយ។
រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ បានបង្កើនសហការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តស្តង់ដាអប្បបរមា (SOP) ទៅដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌបានខិតជិតមកដល់៕
ដោយ៖ស តារា