ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល រសៀលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រកបរបររត់ម៉ូតូកង់បី និងម៉ូតូឌុប ចំនួន២៤៥នាក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនេះដែរ លោក គង់ សោភ័ណ្ឌ សូមពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេចតេជោ តែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ជាក់ស្តែង សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ក្នុងគោលបំណងជួយសម្រួលដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងរស់នៅក្នុងភូមិសាស្រ្ត នៃតំបន់ដែលបានអនុវត្តវិធានការបិទខ្ទប់។
ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត លោក គង់ សោភ័ណ្ឌ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររត់ម៉ូតូកង់បី ម៉ូតូឌុប អាជីវករលក់ដូរ តាមហាង តូប កម្មកររោងចក្រ សហគ្រាស និងប្រជាពលរដ្ឋទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមការពារខ្លួនពីឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាបិសាចលាក់មុខដ៏សាហាវ ដោយចូលរួមគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធាននានា របស់ក្រសួងសុខាភិបាល ពិសេសយ័ន្តដ៏ស័ក្តិសិទ្ធរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី គឺ ៣.ការពារ និង ៣.កុំ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមអំពាវនាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនប្រកបរបររត់កង់បី និងម៉ូតូឌុប ដែលកំពុងមានវត្តមានក្នុងពិធីនេះផ្ទាល់ ឬមិនបានអញ្ជើញមកក្តី សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា នៅតាមទីតាំងដែលក្រុមការងារបានរៀបចំ។
សូមជម្រាបជូនថា ការជួបជុំគ្នាពេលនេះ គឺជាលើកទី១ និងតែមួយផ្នែក នៃបងប្អូនប្រកបរបររត់ម៉ូតូកង់បី និងម៉ូតូឌុបតែប៉ុណ្ណោះ ហើយភាគច្រើនជាអ្នកនៅក្នុងក្រុងតាខ្មៅ ហើយយើងនឹងគ្រោងការជួបជុំជាមួយបងប្អូន ជាបន្តទៀតនៅពេលក្រោយ និងបានច្រើនជាងនេះ។
ដើម្បីជួយសម្រួលដោះស្រាយ ជីវភាពខ្វះខាត ជូនបងប្អូន ក្រោយជួបបញ្ហាប្រឈមក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ លោកអភិបាលខេត្ត បានឧបត្ថម្ភបងប្អូនទាំង២៤៥នាក់ ក្នុង១នាក់ អង្ករ២៥គ.ក មី១កេស ត្រីខកំប៉ុង១យួរ ម៉ាស់១០បន្ទះ និងថវិកា ១០ម៉ឺនរៀលផងដែរ៕
ដោយ៖សហការី