ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​កណ្ដាល​ ជួបសំណេះសំណាល​ជាមួយបងប្អូនប្រកបរបររត់ម៉ូតូកង់បី និងម៉ូតូឌុបចំនួន២៤៥នាក់ នៅក្នុងក្រុងតាខ្មៅ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ រសៀលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ​ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រកបរបររត់ម៉ូតូកង់បី និងម៉ូតូឌុប ចំនួន២៤៥នាក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនេះដែរ លោក​ គង់​ សោភ័ណ្ឌ​ សូមពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេចតេជោ តែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ជាក់ស្តែង សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ក្នុងគោលបំណងជួយសម្រួលដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងរស់នៅក្នុងភូមិសាស្រ្ត នៃតំបន់ដែលបានអនុវត្តវិធានការបិទខ្ទប់។ 

ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត លោក​ គង់​ សោភ័ណ្ឌ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររត់ម៉ូតូកង់បី ម៉ូតូឌុប អាជីវករលក់ដូរ តាមហាង តូប កម្មកររោងចក្រ សហគ្រាស និងប្រជាពលរដ្ឋទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមការពារខ្លួនពីឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាបិសាចលាក់មុខដ៏សាហាវ ដោយចូលរួមគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធាននានា របស់ក្រសួងសុខាភិបាល ពិសេសយ័ន្តដ៏ស័ក្តិសិទ្ធរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី គឺ ៣.ការពារ និង ៣.កុំ។ 

ជាមួយគ្នានេះ លោក​អភិបាល​ខេត្ត​ សូមអំពាវនាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនប្រកបរបររត់កង់បី និងម៉ូតូឌុប ដែលកំពុងមានវត្តមានក្នុងពិធីនេះផ្ទាល់ ឬមិនបានអញ្ជើញមកក្តី សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា នៅតាមទីតាំងដែលក្រុមការងារបានរៀបចំ។

សូមជម្រាបជូនថា ការជួបជុំគ្នាពេលនេះ គឺជាលើកទី១ និងតែមួយផ្នែក នៃបងប្អូនប្រកបរបររត់ម៉ូតូកង់បី និងម៉ូតូឌុបតែប៉ុណ្ណោះ ហើយភាគច្រើនជាអ្នកនៅក្នុងក្រុងតាខ្មៅ ហើយយើងនឹងគ្រោងការជួបជុំជាមួយបងប្អូន ជាបន្តទៀតនៅពេលក្រោយ និងបានច្រើនជាងនេះ។ 

ដើម្បីជួយសម្រួលដោះស្រាយ ជីវភាពខ្វះខាត ជូនបងប្អូន ក្រោយជួបបញ្ហាប្រឈមក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ លោក​អភិបាល​ខេត្ត​ បានឧបត្ថម្ភបងប្អូនទាំង២៤៥នាក់ ក្នុង១នាក់ អង្ករ២៥គ.ក មី១កេស ត្រីខកំប៉ុង១យួរ ម៉ាស់១០បន្ទះ និងថវិកា ១០ម៉ឺនរៀលផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖