ខេត្តសៀមរាប៖ បើទោះបីនៅតំបន់រមណីយដ្ឋានអង្គរ ខេត្ដសៀមរាប នៅមានអ្នកឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលយ៉ាងក៏ដោយ ក៏ប៉ុន្ដែរមណីយដ្ឋានខេត្ដទេសចរណ៍មួយនេះ នៅតែមានអ្នកទេសចរណ៍ មានការចាប់អារម្មណ៍មកទស្សនា ជាហូរហែរមិនដាច់ដែរ ជាក់ស្ដែងនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ នេះបេីយោងតាមប្រភពព័ត៌មានពីមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃអង្គារទី០៥ ខែតុលា ឆ្នាំ២០២១។
បេីតាមលោក ណន តូនី ប្រធានក្រុមសណ្ដាប់ធ្នាប់ ដែលគ្រប់គ្រងក្នុងរមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា ក្រោយពេលដែលរាជរដ្ឋាភិបាលបានបើកអោយអ្នកទេសចរណ៍ដើរទៅកំសាន្ដតាមតំបន់រមណីយដ្ឋានទូទាំងប្រទេស នៅរមណីយដ្ឋានអង្គរវត្ដ មានភ្ញៀវទេសចរជាច្រើនពាន់នាក់ បានទៅទស្សនាជាហូរហែរ ដោយនៅថ្ងៃបិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំនេះ មានអ្នកទេសចរទាំងជាតិ និងអន្ដរជាតិប្រមាណជា ២ពាន់នាក់ក្នុងមួយថ្ងៃ។
លោកបន្ដថា ការទៅទស្សនាមានសភាពច្រើននេះ ដោយសារខេត្តទេសចរណ៍សំខាន់ជាងគេនៅកម្ពុជា ព្រោះមានប្រាង្គប្រាសាទជាច្រើនស្ថិតនៅទីនោះ ជាពិសេស ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយ:វត្ថុដ៏អស្ចារ្យរបស់ពិភពលោក។ ប៉ុន្ដែយ៉ាងនេះក្ដី លោក តូនី បានបញ្ជាក់ថា ការដើរកំសាន្ដរបស់ភ្ញៀវទេសចរនោះ ដើរទស្សនាដោយមានការប្រុងប្រយ័ត្ន របៀបជាដើរបណ្ដុំគ្រួសារ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ-១៩ផងដែរ។ ជាមួយគ្នានេះ ការរៀបចំឱ្យចូលទស្សនាប្រាសាទអង្គរ ត្រូវបានអាជ្ញាធររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។ ជាក់ស្ដែងខាងមុខប្រាសាទអង្គរវត្ដ អាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យភ្ញៀវទេសចរ មានវាស់កំដៅ ស្គែនឃ្យូអរកូដ និងត្រូវលាងដៃនឹងទឹកអាលកុល ជាពិសេស តម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នាផងដែរ។
បើតាមលោក ណន តូនី បានបន្ថែមថា បច្ចុប្បន្ន បេតិកភណ្ឌរបស់ពិភពលោកដ៏ពិសិដ្ឋនេះ បានក្លាយជាគោលដៅទេសចរណ៍របស់ភ្ញៀវទេសចរបរទេស ដែលបានឆ្លងដែនមកដល់ទឹកដី នៃប្រទេសកម្ពុជា។ លោកបានបន្ដថា ក្នុងពេលដែលតំបន់អង្គរ មានភាពស្ងប់ស្ងាត់មិនសម្បូរភ្ញៀវ ដោយសារបញ្ហាជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរជាតិអប្សរាឆ្លៀតយកឱកាសនេះ រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍នៅតំបន់អង្គរឡើងវិញ ក្នុងនោះរួមមានការរុះរើតូបលក់ដូរនៅតំបន់ខាងលិចអង្គរ រៀបចំសួនច្បារ និងដាំដើមឈើបន្ថែម ព្រមទាំងការស្ថាបនា និងកែលម្អផ្លូវថ្នល់ជាច្រើនកន្លែង ដើម្បីធ្វើយ៉ាងណាឱ្យមានការទាញ់ទាញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅទស្សនា ទាំងនៅខាងមុខអង្គរ និងក្នុងបរិវេណអង្គរ ក្នុងនោះមានការដាំផ្កា រៀបចំផ្លូវដើរលំអរដោយដើមឈើ និងផ្កាភ្ញីគ្រប់ប្រភេទ។ អាជ្ញាធរជាតិអប្សរា សង្ឃឹមថា ការងារអស់ទាំងនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរឲ្យត្រឡប់មកទស្សនាតំបន់អង្គរឡើងវិញនៅពេលវិបត្តិកូវីដ-១៩ត្រូវបិទបញ្ចប់៕
ដោយ៖ស តារា