ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីចេញល្បាតតាមគ្រប់គោលដៅក្នុងភូមិសាស្ត្រខណ្ឌ ជាពិសេសប្រចាំការតាមគោលដៅសំខាន់ៗ ទីកន្លែងកំសាន្ត និងវត្តអារាម ដេីម្បីបង្ការ ទប់ស្កាត់ បទល្មេីសកុំឱ្យកេីតមានឡេីង ធានាការពារឱ្យនូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។ដោយឡែក នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេនទី៦ ដោយមានកម្លាំងចូលរួមសរុបចំនួន ៦៤នាក់ ដេីម្បីចូលរួមប្រជុំជួរ និងត្រៀមអន្តរាគមន៍ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមជម្រាបជូនថា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធការព្រួយបារម្ភ និងតាមដានស្ថានភាពឆ្លងជំងឺកូវីដ១៩ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត «៣កុំ ៣ការពារ» កុំបីខាន ! ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៣,៧៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ ៖ សិលា