ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសគាំទគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានការពេញចិត្តយ៉ាងខ្លាំង និងសូមអបអរសាទរ សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើឱ្យធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីឈានទៅកំណត់ឱ្យឥស្សរជនកំពូលរបស់ជាតិ ក្នុងមុខតំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសញ្ជាតិខ្មែរតែមួយគត់។

ការផ្តួចផ្តើមគំនិតរបស់ សម្តេច ខាងលើនេះ គឺជាគតិបណ្ឌិត ដែលមានលក្ខណៈស្នេហា ជាតិយ៉ាងខ្ពង់ខ្ពស់ឧត្តុងឧត្តម ដែលនឹងធានានូវឯករាជ្យ និងអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ហើយរារាំងបាននូវពួកជនឱកាសនិយម ដែលពឹងផ្អែកសញ្ជាតិច្រើនដែលខ្លួនមាន យកបរទេសធ្វើជាបង្អែក ហើយធ្វើនយោបាយប្រជាភិថុត និងធ្វើជាដៃជើងបរទេស ក្នុងការចូលជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។អ្នកនាំពាក្យរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏សូមគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះការ ផ្តួចផ្តើមគំនិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចង្អុលបង្ហាញច្បាប់ស្តីពីការកំណត់ សញ្ជាតិកម្ពុជាតែមួយ ចំពោះថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់កម្ពុជាទាំង៤ ជាអាទិ៍ ត្រូវធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញ ដែលទាមទារឱ្យមានការអនុម័តដោយសម្លេង ២/៣ នៅក្នុងសភាកម្ពុជា។ នេះគឺជា ការធានាមួយទៀត ចំពោះកម្ពុជាបច្ចុប្បន្នក៏ដូចជានាពេលអនាគតថា ថ្នាក់ដឹកនាំកម្ពុជា ជាឥស្សរជន ស្នេហាជាតិ ស្នេហាឯករាជ្យ អធិបតេយ្យជាតិ ព្រមទាំងស្នេហាលទ្ធិប្រជាធិបតេយ្យ គឺពឹងផ្អែកលើ កម្លាំងប្រជាជាតិទាំងមូល ទាត់ចោលនូវការប៉ុនប៉ងធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់ក្រៅប្រទេស៕

ដោយ៖ សិលា


ចែករំលែក៖