ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីចោទប្រកាន់បុគ្គលិកស្ថានទូតអាមេរិក«លួច»នៅក្នុងពេលស្រវឹង ទីក្រុងវ៉ាស៊ីនតោនរក្សាភាពស្ងប់ស្ងាត់

ចែករំលែក៖

រុស្ស៊ីបានស្នើដល់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ដកតំណែងមន្ត្រីការបរទេស៣រូបដែលបានលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋរុស្ស៊ីក្នុងពេលស្រវឹងស្រា ។ ប្រសិនបើអាមេរិកមិនដោះស្រាយទេនោះ រុស្ស៊ីនឹងបណ្តេញបុគ្គលិកស្ថានទូតទាំង៣រូបនោះចេញជាបន្ទាន់។
សារព័ត៌មាន Interfax បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ពលរដ្ឋអាមេរិក៣រូបដែលធ្វើការក្នុងស្ថានទូតអាមេរិក ក្នុងទីក្រុងមូស្គូ បានរងការចោទប្រកាន់ថាបានលួចវ៉ាលិសរបស់ពលរដ្ឋរុស្ស៊ីកាលពីថ្ងៃទី១៨ខែកញ្ញាក្នុងពេលស្រវឹងស្រា។
មន្ត្រីប៉ូលិសរុស្ស៊ីបានកំណត់អត្តសញ្ញាណថា ជនសង្ស័យ៣រូបជាទាហានជើងទឹកវាយឡើងគោកអាមេរិក ធ្វើការជាបុគ្គលិកសន្តិសុខការពារស្ថានទូតអាមេរិកមានអាយុប្រមាណ២០ឆ្នាំ។ នៅក្នុងលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិក នាថ្ងៃទី៨ខែតុលា ក្រសួងការបរទេសរុស្ស៊ីបានស្នើដល់ភាគីអាមេរិកដកទាហានទាំង៣រូបនោះចេញពីប្រទេសរុស្ស៊ី បើមិនដូច្នោះទេទីក្រុងមូស្គូនឹងចោទប្រកាន់ទោស ហើយបណ្តេញចេញពីទឹកដីរុស្ស៊ីភ្លាមៗ។
ទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីប្រឈមមុខតានតឹងរយៈពេលកន្លងមក ក្រោយទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនប្រឈមមុខតានតឹងក្នុងទំនាក់ទំនងការបរទេស។ កាលពីដើមសប្តាហ៍កន្លងមក តំណាងរាស្ត្រអាមេរិកមួយក្រុមបានចុះហត្ថលេខាលើលិខិតផ្ញើទៅកាន់ប្រធានាធិបតីបៃឌិន ស្នើបណ្តេញមន្ត្រីនិងបុគ្គលិកការទូតរុស្ស៊ី៣០០នាក់ ប្រសិនបើរុស្សីមិនផ្តល់ទិដ្ឋាការដល់មន្ត្រីការបរទេសអាមេរិកនោះទេ៕ ដោយ៖ធីរីណា

ប្រភពរូប៖ AFP


ចែករំលែក៖