ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំភ្លើងនៅតែបន្តផ្ទុះជះកម្អែកាន់តែខ្លាំងបន្ទាប់ពីផ្ទុះអស់រយៈពេល ២៤ថ្ងៃមកហើយ

ចែករំលែក៖

សារព័ត៌មានស៊ីនហួបានផ្សាយថា ភ្នំភ្លើង Cumbre Vieja ស្ថិតនៅលើកោះ La Palma ប្រទេសអេស្ប៉ាញបានបន្តព្រួសកម្អែកាន់តែច្រើនថែមទៀត។ ដោយមិនទាន់មានសញ្ញាថយចុះ រដ្ឋាភិបាល អេស្ប៉ាញបានសម្រេចបន្តជម្លៀសមនុស្សចន្លោះពី៧០០នាក់ទៅ ៨០០នាក់បន្ថែមទៀត ត្រូវបានគេជម្លៀសចេញពីតំបន់ភ្នំភ្លើង Cumbre Vieja ដែលស្ថិតនៅភាគនិរតីលើកោះឡា ប៉ាល់ម៉ា (La Palma) របស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្នំភ្លើងនេះនៅតែបន្តផ្ទុះជះកម្អែអស់រយៈពេល២៤ថ្ងៃមកហើយ។ មនុស្សប្រមាណ ៦,០០០នាក់ត្រូវបានគេជម្លៀសចេញកាលពីប៉ុន្មានថ្ងៃដំបូង បន្ទាប់ពីភ្នំភ្លើង Cumbre Vieja បានចាប់ផ្ដើមផ្ទុះ ហើយរហូតមកទល់ពេលនេះ វាមានរយៈពេល២៤ថ្ងៃមកហើយ ទើបអាជ្ញាធរបង្ខំចិត្តជម្លៀសមនុស្សចេញបន្ថែមទៀត។
កម្អែភ្នំភ្លើងនេះ បានចាប់ផ្តើមហូរចុះមកសង្គ្រប់លើផ្ទៃដីប្រមាណ ៥៩៥ហិកតាហើយនៅលើកោះ La Palma ដែលជាកោះក្មេងជាងគេក្នុងតំបន់ប្រជុំកោះកាណារី (Canary Island) ស្ថិតនៅដែនសមុទ្រអាត្លង់ទិក ភាគខាងលិចទ្វីបអាហ្វ្រិក បន្ទាប់ពីផ្នែកខាងជើងនៃមាត់ភ្នំភ្លើងនេះបានបាក់ស្រុត កាលពីចុងសប្តាហ៍មុន។ ទន្ទឹមនឹងនេះ អគារប្រមាណ ១,២៨១ខ្នង ក៏ត្រូវបានបំផ្លិចបំផ្លាញដោយសារកម្អែភ្នំភ្លើងនេះផងដែរ ហើយវាបាននាំឱ្យមានការបង្កើតផ្ទៃដីថ្មីប្រមាណ ៦០ហិកតាទៀតផង។
ក្រុមអ្នកជំនាញសន្និដ្ឋានថា ការផ្ទុះភ្នំភ្លើងនេះនឹងអូសបន្លាយ ក្នុងរយៈពេលយូរទៅមុខទៀត។ រូបភាព និងការ Live វីដេអូជាប្រចាំនៅតែបង្ហាញថា ភ្នំភ្លើង Cumbre Vieja កំពុងបញ្ចេញសកម្មភាពយ៉ាងកញ្ជ្រាេល ដោយកម្អែភ្លើងនៅតែជះឡើង និងហូរចុះតាមមាត់របស់វា មើលទៅគួរឲ្យតក់ស្លុតបំផុត៕

ដោយ៖ធីរីណា(រូបថត៖AP)


ចែករំលែក៖