បណ្តាក្រុមហ៊ុននៅក្នុងប្រទេសថៃ មានសង្ឃឹមឡើងវិញហើយក្រោយពីរដ្ឋាភិបាលបានសម្រេចបើកទ្វារវិស័យទេសចរណ៍ឡើងវិញ។ សមាគមឧស្សាហកម្មថៃ FTI បានបញ្ជាក់ថា ការបើកទ្វារឡើងវិញសម្រាប់អ្នកទេសចរបានចាក់វ៉ាក់សំាងរួចរាល់អាចជួយបង្កើនប្រាក់ចំណូលក្នុងស្រុក ។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី១១ខែតុលា បានបញ្ជាក់ថា ថៃមិនត្រូវឲ្យបាត់បង់ឱកាសមាស ក្នុងការស្វែងរកចំណូលលើវិស័យទេសចរណ៍នាឱកាសឆ្លងឆ្នាំខាងមុខឡើយ។ តាមគម្រោងថៃនឹងបើកទ្វារនៅថ្ងៃទី១ ខែវិច្ឆិកា។
តាមការវាយតម្លៃរបស់ FTI ប្រាក់ចំណូលបានមកពីវិស័យទេសចរណ៍បានកើនឡើងប្រមាណ ១០% នូវប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋ ដែលជាការជួយដល់សេដ្ឋកិច្ចជាតិឱ្យដំណើរការល្អដូចដើម។
ប្រព័ន្ធផ្សព្វផ្សាយថៃ នៅថ្ងៃទី១៣ ខែតុលា បានដកស្រង់សម្តីប្រធាន FTI លោក Supant Mongosutree ដែលបានបញ្ជាក់ថា ថៃបានរៀនរស់នៅជាមួយកូវីដ -១៩ ដើម្បីឱ្យអ្វីគ្រប់យ៉ាងដំណើរការបានល្អឡើងវិញ ពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។
លោក Supantបានទទួលស្គាល់ថា មានមនុស្សជាច្រើនបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដែលអនុញ្ញាតឲ្យជនបរទេសចូលក្នុងទឹកដីថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះ។
លោក Supant បន្តទៀតថា FTI មានគម្រោងបើកទ្វារទទួលភ្ញៀវទេសចរយ៉ាងតិច១សែននាក់ក្នុងមួយខែ អាចជួយដល់កំណើនសេដ្ឋកិច្ចជាតិពី០ឡើងទៅ១ពិន្ទុភាគរយនៅចុងឆ្នាំនេះ។ ជាមួយគ្នានេះរដ្ឋាភិបាលថៃនឹងបង្កើនការចាក់វ៉ាក់សាំង ជូនពលរដ្ឋ ក្នុងនោះមានទាំងដូសទីបី ផងដែរ៕ ដោយ៖ធីរីណា
រូបថត៖AFP/TTXVN