ចាប់ពីខែវិច្ឆិកាទៅ អាមេរិកនឹងបើកព្រំដែនគោកជាមួយប្រទេសកាណាដានិងម៉ិចស៊ីកូ ដោយអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរ ចុះឡើងបានឲ្យតែបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់ចំនួន។
ជាមួយនឹងការសម្រេចខាងលើ ច្បាប់ហាមប្រាមដែលបានអនុវត្តតាំងពីខែមីនាឆ្នាំ២០២០ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩នឹងអស់សុពលភាព ។
តាមសារព័ត៌មាន TTXVN បានផ្សាយថា ការសម្រេចខាងលើត្រូវបានរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ អាមេរិក លោក Alejandro Mayorkas បានប្រកាសជាផ្លូវការនៅថ្ងៃទី១៣ខែតុលា ។ ក្រុមតំណាងរាស្ត្រនៅទីក្រុងញូវយ៉កបានអបអរសាទរដល់ការសម្រេចខាងលើ។ កាលពីថ្ងៃទី៩ ខែសីហា កាណាដាបានអនុញ្ញាតឲ្យជនជាតិអាមេរិកដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់អាចធ្វើដំណើរទៅកាន់ប្រទេសកាណាដាបានគ្រប់ពេល។
បច្ចុប្បន្នអាមេរិកនៅតែជាប្រទេសមានករណីឆ្លងកូវីដ-១៩ខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ៨៤,១៥៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៤៨០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ ជាសរុបនៅទូទាំងសហរដ្ឋអាមេរិកអ្នកឆ្លងកូវីដ-១៩បានកើនឡើងដល់ ៤៥,៤៣១,១៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៣៧,៥៨៤នាក់ និងជាសះស្បើយសរុប ៣៤.៩៩លាននាក់។
គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤០២លានដូស ក្នុងនោះប្រជាជន ២១៦.៨៩លាននាក់ (៦៥.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស និង ១៨៧.២១លាននាក់ (៥៦.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ គិតត្រឹមចុងសប្តាហ៍មុន ទិន្នន័យពីមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បានឱ្យដឹងថា ពលរដ្ឋអាមេរិកសរុបជិត៧លាននាក់ហើយបានទទួលការចាក់វ៉ាក់សាំងដូសជំរុញ៕ ដោយ៖ធីរីណា
រូបថត៖THX/TTXVN