ព័ត៌មានទាន់ហេតុការណ៍៖

ពិធីផ្សព្វផ្សាយស្តីពី​ «ការលុបបំបាត់ការចម្លងមេរោគអេដស៍និងស្វាយ​ ពីម្តាយទៅកូន​ ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» ដេីម្បីចូលរួមជាចរន្តជាតិមួយ​ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥​ …!!

ចែករំលែក៖

ខេត្តតាកែវ ៖ នៅថ្ងៃទី ១៣​ ខែតុលា​ ឆ្នាំ២០២១នេះ​ ក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃកាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរជនឆ្នើម​ថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយ​ស្តីពី​ «ការលុបបំបាត់ការចម្លងមេរោគអេដស៍​និងស្វាយ​ ពីម្តាយទៅកូន​ ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩»​ ជូនដល់អ្នកផ្ទុកមេរោគអេដស៍​ និងស្ត្រីមានផ្ទៃពោះ ចំនួន ១៥នាក់ នៅភូមិភ្នំខ្លែង​ ឃុំព្រៃស្លឹក​ ស្រុកទ្រាំង​ ខេត្តតាកែវ​។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងជា​អនុប្រធានអចិន្ត្រៃយ៍​ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ និងលោក អ៊ូច​ ភា​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ​ និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា​ ខេត្តតាកែវ​។ 

ក្នុងឱកាសនោះ​ លោកស្រី ម៉ែន​ នារីសោភ័គ​ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ​ និងក្តីនឹករលឹក​ពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងបានអំពាវនាវចំពោះបងប្អូនទាំងអស់ដែលចូលរួមថ្ងៃនេះ​ សូមបន្ត​ផ្សព្វផ្សាយចំណេះដឹងដល់ក្រុមគ្រួសារ​ មិត្តភក្តិ​ បន្ថែមទៀត ជាពិសេសចំពោះបណ្តាញសារព័ត៌មាននានា​ សូមបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ដល់សាធារណជន​​ ដេីម្បីលុបបំបាត់ការចម្លងមេរោគអេដស៍​ និងស្វាយពីម្តាយទៅកូន​ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥​ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ 

ជាមួយគ្នានេះ​ បងប្អូនប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវការយល់ដឹងខ្ពស់អំពីមេរោគអេដស៍​ ជំងឺអេដស៍​ ការលេីកកម្ពស់សុខភាពមាតា​ ទារក​ និងកុមារ​ ក៏ដូចជាចំណេះដឹងស្តីពីជំងឺកូវីដ-១៩​ ព្រមទាំងបានថ្លែងអំណរគុណចំពោះ​កាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ដែលបានដាស់តឿនក្រេីនរំលឹកនូវសារអប់រំទាំងអស់នេះ​ ថែមទាំងបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍​ក្នុង​ម្នាក់ៗរួមមាន​ អង្ករ​ មី​​ ត្រីខ​​​ សម្ភារប្រេីប្រាស់​ កញ្ចប់អនាម័យ​​ និងថវិកា​ ៥ម៉ឺនរៀលទៀតផង៕

ដោយ ៖ សិលា


ចែករំលែក៖