ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ ករណីវិវាទសុំបើកផ្លូវចេញចូលផ្ទះនៅតាខ្មៅ ខេត្តកណ្តាល ដែលមានរយៈពេល១០ឆ្នាំមកនេះ បានដោះស្រាយបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ លោក ដួងតារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ករណីវិវាទបិទផ្លូវចេញចូលម្ចាស់ផ្ទះឈ្មោះ អ៊ិត សៀក អាយុ ៦៥ឆ្នាំ មុខរបរអ្នកលក់ទឹកសណ្តែក និងនំប៉័ងសាច់ (ម្ចាស់ផ្ទះខាងក្រោយ) និងភាគីអ្នកជិតខាងជាប់របងគ្នាដែលជាម្ចាស់ដីលក់ដីអោយគាត់ ឈ្មោះ ជុំ ប៊ុន ឈឿន និងប្រពន្ធឈ្មោះ សាំង ស្រីពៅ នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានអនុវត្តបើកផ្លូវចេញចូល (ទំហំ១ម x២៤ម) បានសម្រេចជាស្ថាពរនៅក្នុងការចុះអនុវត្តលើកទី៧ ដោយមានវត្តមានអាជ្ញាសាលា មេប៉ុស្តិ៍ព្រែកឬស្សី តំណាងអភិបាលរងក្រុងតាខ្មៅ និងខ្ញុំបានចូលរួមកាលពីព្រឹកមិញ។  

លោកបន្តថា, ករណីវិវាទនេះបានកើតមានជាង១០ឆ្នាំមកហើយ ដោយមានការប្តឹងផ្តល់គ្នាតាមផ្លូវតុលាការ ដោយមីង អ៊ិត សៀក បានឈ្នះក្តីនៅសាលាកំពូល។ អាជ្ញាសាលាបានចុះអនុវត្ត៦ដងរួចមកហើយ ប៉ុន្តែមិនបានសម្រេច ទើបនៅថ្ងៃទី២៤ ខែវិច្ឆិកា ២០២០ មីង អ៊ិត សៀក បានដាក់លិខិតគោរពស្នើសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តី។ 

លោក ដួង តារា បានបញ្ជាក់ថា, កន្លងមក ខ្ញុំបានជួយសម្របសម្រួលជាមួយភាគីទាំងសងខាង ដោយភាគីចាញ់ក្តីបានទាមទារលុយមួយចំនួនសម្រាប់ធ្វើរបងថ្មីទើបសុខចិត្ត។ ដោយសារមីង អ៊ិត សៀក ក្រីក្រគ្មានលទ្ធភាព ទើបខ្ញុំបានជួយរៃអង្គាសថវិកាបាន $4,000 ជូនទៅភាគីចាញ់ក្តីសម្រាប់ធ្វើរបងថ្មីទើបបានឈានទៅដល់ការបញ្ចប់ក្តីក្តាំដែលមានរយៈពេល១០ឆ្នាំមកនេះបានសម្រេចជាស្ថាពរនៅថ្ងៃនេះ។ 

មីង អ៊ិត សៀក និងកូនចៅ បានគោរពអរគុណសម្តេចតេជោ ដែលបានផ្តល់យុត្តិធម៌ជូនគាត់ដែលរង់ចាំអស់រយៈពេលជាង១០ឆ្នាំមកនេះ។ ខ្ញុំសូមអរគុណដល់អាជ្ញាសាលា មន្រ្តីក្រុងតាខ្មៅ អាជ្ញាធរមូលដ្ឋាន និងមេធាវីស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមជួយដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ។ ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសអោយខ្ញុំបាទបានចូលរួមជួយដោះស្រាយបញ្ហាវិវាទនានាជូនបងប្អូនប្រជាពលរដ្ឋ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក់ និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖