ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Erling Haaland លោក Mino Raiola ត្រូវបានគេរំពឹងថា នឹងពិភាក្សាជាមួយក្រុម Manchester City នៅខែមករាខាងមុខនេះជុំវិញការផ្លាស់ប្តូរសក្តានុពលរបស់កីឡាករវ័យ២១ឆ្នាំរូបនេះនៅរដូវក្តៅខាងមុខនេះ។
សារព័ត៌មានអង់គ្លេស The times បានឲ្យដឹងថា កិច្ចសន្យារបស់ខ្សែប្រយុទ្ធក្លិប Borussia Dortmund ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៤ មានលក្ខខណ្ឌនៃការចរចាតម្លៃ៦៤លានផោនដែលចូលជាធរមាននៅឆ្នាំ២០២២ខាងមុខនេះ ។
ករណីនេះត្រូវបានគេយល់ថា កីឡាករសញ្ជាតិន័រវេសដែលមាន ឪពុកឈ្មោះ Alf-Inge Haaland ធ្លាប់លេងឱ្យក្លិប Man City ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ គឺជាគោលដៅកំពូលរបស់ក្លិប។
លោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Man City បានលេងដោយគ្មានកីឡាករណាម្នាកក់ពាក់អាវលេខ៩ឡើយនាពេលបច្ចុប្បន្ន ហើយក្លិបមានបំណងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធលំដាប់ពិភពលោកម្នាក់ បន្ទាប់ពីខកខានមិនបាននាំយក Harry Kane ពីក្រុម Tottenham Hotspur ។
ខ្សែប្រយុទ្ធ Haaland រកបាន៦៨គ្រាប់ក្នុង៦៧ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Dortmund ចាប់តាំងពីផ្លាស់ពីក្លិប Red Bull Salzburg ក្នុងឆ្នាំ២០២០ ៕
ដោយ៖ ភារៈ(រូបភាព ៖ thetimes.co.uk)