ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតាលីបង់ស្វែងរកចាប់ខ្លួនក្រុមនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកនៅព្រះវិហារស្លាប់និងរបួស១៥០នាក់

ចែករំលែក៖

មានករណីវាយប្រហារដោយគ្រាប់បែកដល់ទៅ៣លើកនៅព្រះវិហារអ៊ិស្លាម Imam Barga ខេត្ត Kandahar បានសម្លាប់មនុស្ស៤០នាក់និងជាង៩០នាក់រងរបួសកាលពីថ្ងៃទី១៥ខែតុលា។

សារព័ត៌មាន Khaama Press បានផ្សាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបង្កឡើងដោយភេរវករ៣នាក់ផ្សេងគ្នា។ ភេរវករបានចាប់បុគ្គលិកសន្តិសុខព្រះវិហារ ក្រោយមកក៏បានបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងពេលសាសនិកកំពុងធ្វើពិធីបួងសួងថ្ងៃសុក្រ។ សាសនិកនៅក្នុងពិធីបួងសួងនៅព្រះវិហារគឺជាសាសនិកនិកាយស៊ីអុីត ។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនោះនៅឡើយទេ។ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារខាងលើ ដោយចាត់ទុកថានោះជាអំពើព្រៃផ្សៃ ។ រដ្ឋាភិបាលតាលីបង់នឹងស្វែងរកចាប់ខ្លួនក្រុមដែលនៅពីក្រោយការវាយប្រហារយកមកដាក់ទោស។
ឯកអគ្គរដ្ឋទូតអុីរ៉ង់ បានលើកឡើងថា រដ្ឋាភិបាលតាលីបង់នឹងមានសកម្មភាពដាច់ខាតនៅក្នុងការកម្ចាត់ក្រុមភេរវកម្ម។ អុីរ៉ង់គឺជាប្រទេសកាន់សាសនាអ៊ិស្លាមនិកាយស៊ីអុីតដូចទៅនឹងព្រះវិហារដែលទើបតែរងការវាយប្រហារនោះផងដែរ៕ ដោយ៖ធីរីណា

រូបថត៖AP

រូបថត៖Khaama Press


ចែករំលែក៖