ខេត្តពោធិ៍សាត់៖ នៅយប់នេះ ថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីមន្ទីរជំនាញ កម្លាំងស្ថាប័នអង្កភាពនានា និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងជួយអន្តរាគមបញ្ហាស្ថានភាពទឹកជំនន់ ខណៈទឹកស្ទឹងកំពុងហក់ឡើងជិតចំណុចប្រកាសអាសន្ន ។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដែលកំពុងដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យផ្ទាល់ជាមួយអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គឹតត្រឹមវេលាម៉ោង៥ និង០០នាទី ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះ កំពស់ទឹកស្ទឹងពោធិ៍សាត់នៅក្រុងពោធិ៍សាត់ ៤.៨៨ម៉ែត្រ កំពស់ប្រកាសអាសន្ន ៥.០០ម៉ែត្រ ខណៈតំបន់ផ្នែកខាងលើកំពស់ស្រកជាបណ្ដើរៗ គឺនៅស្ទឹងស្រុកភ្នំក្រវាញ កំពស់ ២.៣៦ម៉ែត្រ កំពស់ប្រកាសអាសន្ន ៦.០០ម៉ែត្រ ស្ទឹងស្រុកវាលវែង កំពស់ ២.១៥ម៉ែត្រ កំពស់ប្រកាសអាសន្ន ៩.០០ម៉ែត្រ ។
លោក បន្តទៀតថា ទឹកជំនន់នៅក្រុងពោធិ៍សាត់ឡើងជិតដល់ចំណុចប្រកាសអាសន្នមែន ប៉ុន្តែយប់នេះទឹកជំនន់អាចនឹងប្រសើរឡើងវិញ ព្រោះតំបន់ផ្នែកខាងលើបានស្រកជាបណ្ដើរៗ ម្យ៉ាងទៀតបើពុំសូវមានធ្លាក់ភ្លៀងបន្តនៅតំបន់ព្រៃភ្នំ ឯស្រុកភ្នំក្រវាញ និងស្រុកវាលវែង ៕
ដោយ៖ បុឹម ពិន