ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះចំនួន២ខ្នងបានធ្លាក់ចូលទៅក្នុងទឹករងការខូចខាតទាំងស្រុងដោយសារបាក់ច្រាំងទន្លេ

ចែករំលែក៖

     ខេត្តក្រចេះ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គដោយសារច្រាំងបាក់ស្រុតបណ្តាលឱ្យខូចខាតអស់ទាំងស្រុង។

   ហេតុការណ៍បាក់ស្រុតផ្ទះនោះបានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១នៅចំណុចភូមិធំ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ 

   ប្រភពពីម្ចាស់ផ្ទះបានឱ្យដឹងថា នៅយប់នោះមុនពេលកើតហេតុគាត់បានទៅធ្វើការឆ្ងាយពីផ្ទះហើយបានទូរស័ព្ទប្រាប់ឱ្យកូននៅផ្ទះត្រូវមានការប្រុងប្រយ័ត្នផងព្រោះនៅក្នុងភូមិផ្នែកខាងលើមួយចំនួនមានការបាក់ស្រុតច្រាំងទន្លេហើយ។  លុះព្រឹកឡើងនៅមាត់ទន្លេជាប់នឹងផ្ទះគាត់ឃើញមានការប្រេះដីបន្តិចបន្តួចដែរតែគាត់នឹកស្មានថាមិនអី ក៏ចុះទូកទម្លាក់ឈើដែលទើបនឹងដឹកមកដល់នោះសិន ។

   ប្រភពបន្តថា ប្រហែលជាមួយម៉ោងក្រោយមកខណៈដែលគាត់កំពុងតែរើឈើចេញពីទូក ស្រាប់តែឮសំឡេងបាក់ស្រុតផ្ទះចំនួនពីរខ្នងផ្ទះជិតគ្នានោះធ្លាក់ចូល ក្នុងទន្លេមេគង្គតែម្តងបណ្ដាលឱ្យលិចគ្រឿងឈើនិងទូកចំនួន២គ្រឿងទៀតរួមនិងសម្ភារផ្សេងៗទៀតកប់បាត់ក្នុងដីនោះតែម្តង។

 ក្នុងពេលកើតហេតុនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងបាននាំគ្នាមកជួយធ្វើអន្តរាគមន៍រុះរើយកបានគ្រឿងឈើមួយចំនួនវិញខ្លះដែរ។

ប្រភពបានបន្តទៀតថា រាល់ថ្ងៃតែងមានមនុស្សនៅធ្វើសិប្បកម្មកែច្នៃឈើជា លក្ខណៈគ្រួសារ ហើយកូនៗគាត់ក៏តែងតែនៅលេងក្រោមផ្ទះនោះដែរ តែថ្ងៃកើតហេតុអត់មាននាំគ្នាចុះធ្វើការនិងនៅក្រោមផ្ទះទេទើបមិនមានគ្រោះថ្នាក់ដល់មនុស្ស៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖