កន្លងមកប្រទេសជាសមាជិកអាស៊ានបានលុបឈ្មោះ មេដឹកនាំយោធាមីយ៉ាន់ម៉ាចេញពីបញ្ជីនៃកិច្ចប្រជុំកំពូល ដោយអនុញ្ញាតឱ្យតំណាងដែលមិនមែនរដ្ឋាភិបាលចូលរួមជំនួសវិញ ។ នោះគឺជាលើកដំបូងចាប់តាំងពីអាស៊ានបង្កើតឡើងដែលកិច្ចប្រជុំធំមិនអនុញ្ញាតឲ្យសមាជិកចូលរួមដោយសារតែវិបត្តិនយោបាយ។
នៅថ្ងៃទី១៨ខែតុលានេះ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ឡាំង (Min Aung Hlaing) បានប្រកាសថា មនុស្សច្រើនជាង ៥,០០០នាក់ដែលកំពុងជាប់ឃុំខ្លួនដោយសារសកម្មភាពធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១នោះ នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ។
លោក មីន អោង ឡាំង បានថ្លែងថា អ្នកទោសសរុបចំនួន ៥,៦៣៦នាក់ នឹងត្រូវដោះលែងក្នុងឱកាសពិធីបុណ្យថាឌីងយុត (Thadingyut) ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលានេះ។ យោងតាមអង្គការឃ្លាំមើលស្ថានការណ៍ AAPP នៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធា ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១នោះមក ជនស៉ីវិលច្រើនជាង១,១០០នាក់បានស្លាប់ ក្នុងការបង្រ្កាបបាតុកម្ម ហើយច្រើនជាង ៨,០០០នាក់ ត្រូវបានចាប់ខ្លួន។
កាលពីខែកក្កដាកន្លងទៅ បាតុករប្រឆាំងរដ្ឋប្រហារចំនួនជាង ២,០០០នាក់ត្រូវបានដោះលែងពីពន្ធនាគារ ក្នុងនោះរួមមានទាំង អ្នកកាសែតរិះគន់យោធាផងដែរ។ ដោយឡែក នៅមានបាតុករប្រហែលជាង ៧,៣០០នាក់ទៀត កំពុងស្ថិតក្រោមការជាប់ឃុំឃាំង នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងអ្នកកាសែតជនជាតិអាមេរិក លោក ដេននី ហ្វ៊ែនស្ទើរ (Danny Fenster) ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែឧសភា៕
ដោយ៖ ធីរីណា(រូបថត៖AP)