អារ៉ាប៊ីសាអ៊ូឌីតបានអនុញ្ញាតឱ្យពលរដ្ឋប្រមូលផ្តុំគ្នា និងលុបចោលច្បាប់បង្ខំឱ្យពាក់ម៉ាស់នៅទីសាធារណៈចំពោះពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។
កាលពីថ្ងៃទី១៧ ខែតុលា នាយកដ្ឋានអាកាសចរណ៍ស៊ីវិល អារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថា អាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេសនេះទទួលបានការអនុញ្ញាតឱ្យដំណើរការហោះហើរដូចដើមវិញ។ សារព័ត៌មាន Saudi Arabia (SPA ) បានផ្សាយថា ក្រសួងមហាផ្ទៃប្រទេសនេះបានលុបច្បាប់រឹតត្បិតប្រឆាំងកូវីដ-១៩ ហើយអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូសអាចជួបជុំគ្នាបានដោយមិនចាំបាច់ពាក់ម៉ាស់ឡើយ។
ព្រះវិហារសាសនាអ៊ិស្លាមធំបំផុតគឺព្រះវិហារ Mecca ទទួលបានការអនុញ្ញាតឱ្យបើកទ្វារដំណើរការធម្មតាឡើងវិញ ដោយសាសនិកអាចចូលទៅបួងសួងដូចដើមជាលើកដំបួងចាប់តាំងពីផ្ទុះកូវីដ-១៩ មក។
ក្រៅពីនេះក្រសួងកីឡាអារ៉ាប៊ីសាអ៊ូឌីត ក៏បានឱ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលទៅទស្សនាការប្រកួតបាលទាត់ដូចធម្មតាមិនមានគម្លាតអ្វីនោះឡើយ៕ ដោយ៖ធីរីណា
ប្រភព៖Getty Images